អ្នកទោសគ្រឿងញៀន៧នាក់ទម្លុះជញ្ជាំងរបងថ្មពន្ធនាគារត់គេចខ្លួនទាំងកណ្តាលយប់

ខេត្តស្ទឹងត្រែង ៖ កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៨ វិច្ឆិកានេះ មានអ្នកទោសចំនួន៧នាក់បានទម្លុះរបងថ្មពន្ធនាគារ ស្ថិតក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង នាំគ្នារត់គេចខ្លួនបាត់ស្រមោល ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ខណៈមន្ត្រីអនុរក្សពន្ធនាគារ បានដឹងពីសកម្មភាពរបស់អ្នកទោសដែលកំពុងវាយទម្លុះជញ្ជាំងរបងពន្ធនាគាររត់គេចខ្លួននោះ កម្លាំងបានប្រើប្រាស់អាវុធបាញ់គំរាមបញ្ឈប់សកម្មភាព អស់ចំនួន៤គ្រាប់ តែក្រុមអ្នកទោសទាំងនោះនៅតែបន្តរត់គេចខ្លួនបានដោយសុវត្ថិភាព ។

បើតាមការពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងកើតហេតុនោះ ក្រុមអ្នកទោសបានបន្សល់ទុកនូវវត្ថុតាងមួយចំនួនក្នុងការទម្លុះជញ្ជាំងរបងពន្ធនាគារផងដែរ ។ រីឯវត្ថុតាងទាំងនោះ មន្រ្តីជំនាញបានរកឃើញដូចជា.ប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ ខ្នើយ ភួយ ជាដើម ។

ពាក់ព័ន្ធករណីនេះ លោក ឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្នុងចំណោមអ្នកទោសទាំង៧នាក់ មានម្នាក់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតលើករណីជួញដូរគ្រឿងញៀន និង៦នាក់ទៀតជាប់ទោសស្រាល ។ ហើយក្នុងចំណោមអ្នកទោសរត់គេចខ្លួនទាំងនោះ មាន៦នាក់ជាប់ទោសពីបទជួញដូរគ្រឿងញៀន និងម្នាក់ជាប់ទោសពីបទលួចមានស្ថានទម្ងន់ទោស ។

សូមបញ្ជាក់ថា រហូតមកដល់ម៉ោងនេះ សមត្ថកិច្ចកំពុងចាត់កន្លងតាមស្វែងរកគ្រប់ច្រកល្ហកនៅតាមបណ្តាភូមិស្រុកមួយចំនួន ដែលសមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា បានឃើញមុខសញ្ញាអ្នកទោសទាំង៧នាក់នោះ បានធ្វើដំណើររត់គេចខ្លួនឆ្លងកាត់៕ (ព័ត៌មានបឋម)