ទិវាសប្តាហ៍សហគ្រិនភាពសកលក្រោមប្រធានបទ “ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល ថ្នាល និងធនធានមនុស្សឌីជីថល”

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ទិវាសប្តាហ៍សហគ្រិនភាពសកល ក្រោមប្រធានបទ “ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល ថ្នាល និងធនធានមនុស្សឌីជីថល” ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន តាមប្រព័ន្ធវិដេអូ Zoom Meeting និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងលោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ សមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជា សភាពាណិជ្ជកម្មក្រុងព្រះសីហនុ សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម សិស្សនិសិ្សត ប្រជុំដោយផ្ទាល់ប្រមាណ៥០នាក់ និងចូលរួមពីចំងាយតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting។

លោកឧកញ្ញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ប្រទេសដែលកំពុងអភិវឌ្ឍន៍មួយព្រះរាជាណាចក្រកម្ពុជាបានរួមចំណែកយ៉ាងសំខាន់ ហើយសកម្មភាពធុរកិច្ចដ៏មមាញឹករបស់សហគ្រាសប្រមាណ៥០ម៉ឺនផលិតកម្មដែល ក្នុងនោះប្រមាណមួយពាន់ប្រាំមួយរយ ជាសហគ្រាសខ្នាតធំ និងសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ១លាន២សែននាក់នៅក្នុងអំឡុងឆ្នាំ២០១៩។

លោកឧកញ្ញ៉ាបន្តថា សហគ្រាសខ្នាតតូចមធ្យម និងធំទាំងអស់ជាកម្លាំងជំរុញដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស និងបានជំរុញផងដែរដល់ការបង្កើតការងារនៅទូទាំងប្រទេស សន្ទុះកំណើនចំនួនសហគ្រាសទាំងអស់ ជាហេតុធ្វើឱ្យចំណាកស្រុកស្វែងរកការងារទៅកាន់ប្រទេសជិតខាង និងអត្រាគ្មានការងារបានថយចុះដែលគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស ដោយតាមរយៈនឹងការអភិវឌ្ឍន៍សហគ្រាសខ្នាតតូច មធ្យម និងខ្នាតធំ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការ(បង្កើតការងារ,បង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប និងប្រជាជនងាយរងគ្រោះ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច ស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៅក្នុងវិស័យឯកជន ទាំងនេះហើយគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដោយបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

ក្នុងឱកាសនោះផងដែរលោកឧកញ៉ា វណ្ណ សុខហេង បានមានប្រសាសន៍សម្ដែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង ដោយបានចូលរួមជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាងឱ្យសហគ្រិន ពាណិជ្ជករ អាជីវករ នៅក្នុងពិធីជួបជុំនាថ្ងៃនេះដើម្បីប្រារព្ធពិធីទិវាសប្តាហ៍សហគ្រិនពិភពលោកស្របគ្នាជាមួយនឹងសហគ្រិនចំនួន១៩៥ ប្រទេសនៅលើពិភពលោក ហើយនាបច្ចុប្បន្ននេះ នៅលើពិភពលោកចំនួនសហគ្រិនសរុបបានកើនឡើងដល់ប្រមាណ ៥៨២លាននាក់ដែលបាន និងកំពុងដើរតួនាទីដ៏សំខាន់នៅក្នុងការធ្វើឱ្យមានលំហរ នឹងសេដ្ឋកិច្ចពិភពលោកដោយបានផលិត និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគសម្ភារបរិក្ខារចាំបាច់សម្រាប់ការរស់នៅជាប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថ្លែងក្នុងទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជា ក្រោមប្រធានបទ«ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល ថ្នាល និងធនធានមនុស្សឌីជីថល» ដោយបានសហការរៀបចំដោយសមាគមពាណិជ្ជករវ័យក្មេងកម្ពុជា និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានជ្រើសរើសយកខេត្តព្រះសីហនុសម្រាប់ការរៀបចំទិវាខាងលើនេះ សបញ្ជាក់ឱ្យឃើញពីជំនឿទុកចិត្តរបស់សមាគមមកលើរដ្ឋបាលខេត្តព្រះសីហនុ និងសូមធ្វើការកោតសរសើរដោយស្មោះចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលខិតខំយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាង និងគាំទ្រសហគ្រាសធុនតូច និងមធ្យម ហើយទិវាសប្តាហ៍សហគ្រិនភាពសកល រៀបចំឡើងដើម្បីជាការអបអរសាទរដ៏ធំបំផុត នៅលើពិភពលោកដល់អ្នកផ្តួចផ្តើមគំនិតធុរកិច្ចថ្មី និងអ្នកបង្កើតការងារថ្មី ដែលបានចាប់ផ្តើមនាំយកនូវគំនិតល្អៗសម្រាប់ដឹកនាំឱ្យមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច។

ឯកឧត្តមអភិបាលរងបានបន្តទៀតថា ទិវានេះត្រូវបានរៀបចំឡើងនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំក្នុងសប្តាហ៍ជាមួយគ្នា នាខែវិច្ឆិកា ចាប់ពីឆ្នាំ២០០៨មក ដែលមានទីតាំងកណ្តាលរួមស្ថិតនៅសហរដ្ឋអាមេរិក មានកម្មវិធី និងសកម្មភាពប្រកួតប្រជែងច្រើនប្រភេទ ដើម្បីទាក់ទាញឱ្យមានអ្នកចូលរួមច្រើនលាននាក់ ដើម្បីស្វែងរកនូវសក្តានុពលរបស់ពួកគេ ក្នុងនាមជាសហគ្រិន ព្រមទាំងជម្រុញឱ្យមានការកសាងទំនាក់ទំនង និងសហការគ្នានៅក្នុងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាព ហើយប្រធានបទក្នុងឆ្នាំ២០២១ សម្រាប់ប្រទេសកម្ពុជាគឺ ៖ ការអភិវឌ្ឍថ្នាល និងធនធានមនុស្សបច្ចេកវិទ្យាឌីជីថល សម្រាប់ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល គឺពិតជាមានសារៈសំខាន់ និងធ្វើឱ្យមានការផ្លាស់ប្តូរជាច្រើនលើការរស់នៅរបស់យើង ជាពិសេសវាធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ ប្រតិបត្តិការអាជីវកម្ម និងភាពប្រសើរជាងមុនក្នុងការផ្តល់នូវអ្វីដែលល្អបំផុត និងថ្មីសម្រាប់វិស័យធុរកិច្ចដើម្បីធានាឱ្យមានការប្រកួតប្រជែងថ្នាក់តំបន់លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជា៕ ដោយ ៖ ទឹង សុភាព