ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋខេត្តក្រចេះ អបអរសាទរខួបអនុស្សារីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ    

ខេត្តក្រចេះ ៖ ព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានឯករាជ្យខេត្តក្រចេះ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) និងរំលឹកខួបអនុស្សាវរីយ៍ថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន លីណាត អភិបាលខេត្តស្តីទី និងមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមជំទាវ ជាអភិបាលរងខេត្ត លោក លោកស្រីជា អភិបាល ស្រុក ក្រុងទាំង៦ លោកប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ សិស្សនិសិ្សត និងប្រជាពលរដ្ឋជាង៥០០នាក់។

ក្នុងអង្គពិធីនេះផងដែរ ឯកឧត្តម ប៉ែន លីណាត គណៈអភិបាលរងខេត្ត អញ្ជើញថ្លែងពីវីរភាពដែលព្រះបាទ ព្រះនរត្តមសីហនុ ទទួលបានឯករាជ្យពីជាតិពីអាណានិគម និយមបារាំង នៅថ្ងៃ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ជូនជាតិមាតុភូមិតរៀងមក។ ថ្ងៃនេះគឺថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអានុស្សារីយ៍ទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ១៩៥៣ – ៩វិច្ឆិកា ២០២១ ដែលប្រទេសកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង និងស្របពេលជាមួយនិងខួបលើកទី៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិផងដែរ។

ឯកឧត្តមបន្តថា ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា បានរំលឹក និងបញ្ជាក់យ៉ាងច្បាស់ពីវីរភាព និងព្រះរាជ្យបេសកម្មជាតិ មាតុភូមិ ដើម្បីការស់ឡើងវិញនូវសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ របស់ប្រជាតិខ្មែរយើងទាំងមូល។ ព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះបិតា ឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ គ្រប់បែបយ៉ាង និងក្លៀវក្លាបំផុត ដើម្បីធ្វើតស៊ូក្នុងក្រប ខ័ណ្ឌ នៃព្រះរាជបូនីកិច្ច ក្នុងការតស៊ូទាមទារមកវិញនូវឯករាជ្យជាតិដ៏ប្រាកដជូនប្រទេសជាតិ និងជូនប្រជាជាតិកម្ពុជាដោយជោគ ជ័យ។  ឯកឧត្តមបញ្ជាក់ថា គំរូវីរភាពនេះហើយដែលប្រជាជាតិខ្មែរគ្រប់រូបមិនអាចបំភ្លេចបាននូវវីរគុណរបស់ព្រះអង្គ និងស្ថិតនៅក្នុងក្រអៅ បេះដូងកូនខ្មែរយើងគ្រប់ៗគ្នា៕ ដោយ ៖  ស៊ាន ចន្ទ័ដា