
WHO និង UNICEF ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺគ្រុនស្វិតដៃជើងក្នុងប្រទេសអាហ្វហ្កានីស្ថាន
កាប៊ុល ៖ អង្គការសុខភាពពិភពលោក (WHO) និងអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចាប់ផ្តើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានហើយ ជាយុទ្ធនាការទូទាំងប្រទេសលើកដំបូងបង្អស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះក្នុងរយៈពេល ០៣ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Naikwali Shah Momim អ្នកសម្របសម្រួលប្រតិបត្តិការសង្គ្រោះជាតិ សម្រាប់កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃ-ជើងរបស់ក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន បានឲ្យដឹងថា យុទ្ធនាការនេះបានចាប់ផ្តើមនៅតាមផ្នែកផ្សេងៗមួយចំនួន នៃប្រទេស កាលពីថ្ងៃច័ន្ទ ដែលគ្រោងនឹងផ្ដល់ជូនដល់កុមារប្រមាណជាង ៣ លាននាក់ ប៉ុន្តែនៅតែជួបឧបសគ្គមួយចំនួន ដូចជា កង្វះបុគ្គលិកពេទ្យមានវិជ្ជាជីវៈ ជាដើម។ លោក បន្តថា យុទ្ធនាការនេះបានទទួលការគាំទ្រពីក្រុមតាលីបង់ ដែលបានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យអាចចូលទៅតំបន់ ដែលពីមុនត្រូវបានហាមឃាត់ផងដែរ។
គួរបញ្ជាក់ថា អាហ្វហ្គានីស្ថាន និងប៉ាគីស្ថានដែលនៅជិតខាងគ្នានោះ គឺជាប្រទេសចុងក្រោយបង្អស់ក្នុងពិភពលោកដែលទទួលរងជំងឺគ្រុនស្វិតដៃ-ជើង ដែលជាជំងឺមិនអាចព្យាបាលឲ្យជាដាច់បាន និងឆ្លងខ្លាំងតាមរយៈទឹកស្អុយ ដែលអាចបណ្តាលឱ្យកុមារតូចៗ ពិការបាន៕