ព្រឹកនេះ ព្រះមហាក្សត្រ យាងទៅប្រទេសបារាំងដើម្បីចូលរួមមហាសន្និបាតអង្គការយូណេស្កូ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ នៅព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ យាងទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងឱកាសយាងចូលរួមមហាសន្និបាតនេះ នៅថ្ងៃទី១២ ខែវិច្ឆិកា ព្រះមហាក្សត្រខ្មែរ នឹងថ្លែងព្រះរាជសុន្ទរកថា នៅក្នុងពិធីបើកសម័យប្រជុំជាផ្លូវការ នៃមហាសន្និបាត ដោយផ្តោតលើសមិទ្ធផលសំខាន់ៗរបស់អង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា៕