អាមេរិកគ្រោង​ចំណាយ​ជាង១ពាន់​លាន​ដុល្លារ ​ទិញ​ថ្នាំ​គ្រាប់​ការពារ​កូ​វីដ​ពី​ក្រុមហ៊ុន Merck

វ៉ាស៊ីនតោន ​៖ ក្រុមហ៊ុន Merck បាន​ឲ្យ​ដឹងកាលពី​ថ្ងៃ​អង្គា​រថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​ចំណាយ​ថវិកាជាង១ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​ថ្នាំ​គ្រាប់​ការពារ​ជំងឺ​កូ​វីដ១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុន Merck & Co Inc (MRK.N)  និង​ដៃគូ​ក្រុមហ៊ុន Ridgeback Biotherapeutics ។​

ក្រុមហ៊ុន Merck បាន​បញ្ជាក់ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​គឺមាន​សិទ្ធិ​ទិញ​ចំនួន​ជាង ២ លាន​បន្ទះ​បន្ថែមទៀត ដោយ​ស្របតាម​កិច្ចសន្យា​។ ​ដូចនេះ អាមេរិក​ទិញ​ថ្នាំ​គ្រាប់​នេះ​អស់​ចំនួន ៣.១លាន​បន្ទះ ដែល​គិត​ជា​ប្រាក់​គឺ​អស់២.២ពាន់​លាន​ដុល្លារ​។

រដ្ឋាភិបាល​អាមេរិក កាលពី​ខែ មិថុនា កន្លងទៅ ក៏​ធ្លាប់បាន​យល់ព្រម​ទិញ​ថ្នាំ​គ្រាប់ Molnupiravir ចំនួន ១.៧ លាន​បន្ទះ​ផងដែរ ក្នុងតម្លៃ ១.២ ពាន់​លាន​ដុល្លារ ហើយ​ឥឡូវនេះ​កំពុង​ដាក់​បញ្ជា​ទិញ ១.៤ លាន​បន្ទះ​បន្ថែមទៀត​។​

សូមជម្រាបថា ថ្នាំ​គ្រាប់​ការពារ​ជំងឺ​កូ​វីដ ១៩ Molnupiravir នេះ ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ចាប់តាំងពី​ខែ​មុន ដោយ​ទិន្នន័យ​សាកល្បង​បានបង្ហាញ​ថា វា​មាន​ប្រសិទ្ធភាព​អាច​កាត់បន្ថយ​អត្រា​នៃ​ការស្លាប់ ឬ​ធ្ងន់ធ្ងរ​បាន​ប្រមាណ ៥០ ភាគរយ សម្រាប់​អ្នក​ដែល​ប្រឈម​ហានិភ័យ​ខ្ពស់បំផុត​នៅពេល​ឆ្លង​កូ​វីដ ១៩ ៕