
លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រទម្ងន់ធ្ងន់ចំនួន២ក្បាលទៀតព្រលែងក្នុងសមុទ្រធម្មជាតិវិញ
ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបន្តនាំយកសត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់ចំនួន២ក្បាលទៀតហើយទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិចឬអណ្តើកសមុទ្រលើកទី១២៨។គ្រប់ពេលដែលលោកឧកញ៉ានាំយកសត្វល្មិចឬអណ្តើកសមុទ្រ ទៅព្រលែងម្តងៗ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិចឬអណ្តើកសមុទ្រលើកនេះគឺ KH 0388 និងKH 0389។
លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា ក្នុងពេលរៀបចំព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រ ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មឡើយ។
នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វល្មិចឬអណ្តើកសមុទ្រ តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល។
សូមបញ្ជាក់ផងដែរថា កន្លងមកមិនថា សត្វសមុទ្រ ឬសត្វលើគោកទេ លោកឧកញ៉ាតែងតែយកទៅព្រលែងជាច្រើនមកហើយ៕ ដោយ ៖ ទឹង សុភាព