
តំណាង UNDP សន្យាបន្តជួយកៀរគរជំនួយពីបណ្តាប្រទេសជាដៃគូ និងទីប្រឹក្សាបច្ចេកទេសគាំទ្រវិស័យមីននៅកម្ពុជា
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួប លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំប្រទេសកម្ពុជា ចូលជួបសំដែងការគួរសមក្នុងអាណត្តិការងារថ្មីរបស់លោកស្រី និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះ អង្គការ UNDP ដែលបានផ្តល់ការគាំទ្រទាំងថវិកា និងទីប្រឹក្សាបច្ចេកទេស ព្រមទាំងកៀរគរជំនួយពីបណ្តាប្រទេសជាដៃគូរ គាំទ្រវិស័យមីននៅកម្ពុជា។
លោកស្រី Alissar បានលើកឡើងអំពីការប្តេជ្ញាចិត្តបន្តជួយស្វែងរកការគាំទ្របន្ថែមទៀត សម្រាប់វិស័យមីននៅកម្ពុជា ដើម្បីកម្ពុជាសម្រេចបានគោលដៅ “កម្ពុជាគ្មានគ្រាប់មីន ត្រឹមឆ្នាំ២០២៥”។
ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកស្រី Alissar បានឯកភាពគ្នាក្នុងការបន្តអនុវត្តតាមផែនការសកម្មភាពដល់ឆ្នាំ២០២៥ ហើយបង្កើនសកម្មភាពមួយចំនួនដូចជាការរៀបចំវេទិកាសម្របសម្រួលជាមួយប្រទេសជំនួយ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន៕