
លោក វ៉ាន់ មេល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ដុះស្លែនៅស្រុកស្ទឹងត្រង់ យកឈ្មោះអធិការកាងល្បែង
ខេត្តកំពង់ចាម ៖ ប្រភពបានខ្សឹបប្រាប់នាយប្រុញថា លោក វ៉ាន់ មេល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ដុះស្លែនៅស្រុកស្ទឹងត្រង់ បាននិយាយអួតអាងក្តែងៗប្រាប់ក្រុមអ្នកញៀនល្បែងកីឡាបក្សី និងអាប៉ោងអំពីសុវត្ថិភាពទីតាំងរបស់ខ្លួន ដោយមិនបាច់ខ្លាចសមត្ថកិច្ចចុះបង្ក្រាបទេ ហើយមួយមាត់ណាក៏ឈ្មោះ អធិការស្រុកស្ទឹងត្រង់ ដែលគេស្គាល់ថា ត្រូវជាកូនប្រុសបង្កើត លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមដឹកមុខដែរ មិនដឹងថា តើលោក ឯម វឌ្ឍនា បានដឹងពីបញ្ហានេះដែរ ឬទេ ទើបមិនចុះបង្ក្រាប។
ពាក់ព័ន្ធប្រភពខាងលើនេះ លោក វ៉ាន់ ដែលគេស្គាល់ថា ជាមេបើកល្បែងជល់មាន់ដុះស្លែនៅស្រុកស្ទឹងត្រង់ មិនអាចទំនាក់ទំនងដើម្បីសុំការបំភ្លឺបានទេគិតត្រឹមម៉ោងផ្សាយ ដោយសារទូរស័ព្ទរបស់លោកខលចូលជាច្រើនដង ប៉ុន្តែមិនលើក។
ប្រភពបានខ្សឹបប្រាប់នាយប្រុញបន្តថា លោក វ៉ាន់ បានរើទីតាំងល្បែងរបស់ខ្លួនពីឃុំព្រែកកក់ មកដាក់នៅចំណុចខាងក្រោយរីស៊តភ្នំហាន់ជ័យ ស្ថិតក្នុងភូមិព្រែកតាអង់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដំណើរការបានរយៈពេល២ថ្ងៃមកហើយ មានមនុស្សមកពីទីជិតឆ្ងាយច្រើនកុះករ ព្រោះលោក វ៉ាន់ ប្រាប់ថា ទីតាំងរបស់ខ្លួនមានសុវត្ថិភាព សមត្ថកិច្ចមិនហ៊ានចុះបង្ក្រាបទេ និងមានការភ្នាល់ចាក់ដាក់លុយស៊ីសងចាញ់ឈ្នះទ្រង់ទ្រាយធំទៀតផង។
ព័ត៌មានខាងលើនេះ ជាសេចក្តីរាយការណ៍ជូនដល់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជ្រាបជាព័ត៌មាន ដើម្បីមានវិធានការចុះបង្ក្រាប អនុវត្តតាមគោលការណ៍ភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់៕ ដោយ ៖ នាយប្រុញ (ព័ត៌មានលម្អិតនឹងមានផ្សាយលេខក្រោយទៀត)