
អាជ្ញាធរក្រុងព្រះសីហនុណែនាំ៤ចំណុចដល់តាំងអគារកំពុងសាងសង់មួយកន្លែង បន្ទាប់ពីធ្វើឲ្យខូចខាតសម្បត្តិសាធារណៈរបស់រដ្ឋ
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១លោក ជួប សីហា តំណាងរដ្ឋបាលក្រុងព្រះសីហនុបានដឹកនាំគណៈបញ្ជាការឯកភាពក្រុងចុះមកទីតាំងជាក់ស្ដែង ហើយក្រុមការងារពិនិត្យឃើញថា ទីតាំងអគារកំពុងសាងសង់មានកម្ពស់៩ ជាន់ឃើញមានដឹកឥដ្ឋខ្សាច់ គ្រួស សម្ភារសំណង់ បើកលើថ្មក្រានីតជាផ្លូវសាធារណៈរបស់រដ្ឋបណ្ដាលឲ្យបែកថ្មក្រានីតអស់ចំនួន១៩០ ម៉ែត្រការ៉េ និងមានទុកដាក់សម្ភារសំណង់លើថ្មក្រានីតបណ្ដាលឱ្យប្រឡាក់ថ្ម និងបែកថ្មក្រានីតដែលស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។
លោក ជួប សីហា តំណាងឲ្យរដ្ឋបាលក្រុងបានបន្តថា លោកបានណែនាំទីតាំងអគារខាងលើជាច្រើនដងមកហើយ នេះជាលើកចុងក្រោយហើយរដ្ឋបាលក្រុងសម្រេច ៖ ទី១.តម្រូវឲ្យម្ចាស់ការដ្ឋានផ្អាកការសាងសង់រាល់សកម្មភាពក្នុងការដ្ឋានទាំងអស់។ ទី២.តម្រូវឲ្យម្ចាស់ការដ្ឋានរៀបចំទុកដាក់សម្ភារសំណង់ ឬសម្ភារផ្សេងៗឲ្យបានត្រឹមត្រូវ (គឺនៅក្នុងដីកម្មសិទ្ធិរបស់ខ្លួន) មិនអនុញ្ញាតឲ្យដាក់លើថ្មក្រានីតជាផ្លូវសាធារណៈរបស់រដ្ឋបន្តទៅទៀតឡើយ។ ទី៣.តម្រូវឱ្យម្ចាស់ទីតាំងខាងលើត្រូវសហការជាមួយកងវិស្វកម្មកងលេខ១៧៨ ស្ពានថ្នល់ធ្វើការរៀបចំថ្មក្រានីតឲ្យបានស្អាតដូចដើមឡើងវិញមានទំហំ១៩០ម៉ែត្រការ៉េ (សាងសង់ថ្មី) និងទី៤.ក្នុងករណីបើម្ចាស់ទីតាំងខាងលើមិនគោរពតាមក្រុមការងារបានណែនាំនោះក្រុមការងារចុះមកអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន៕ ដោយ ៖ ទឹង សុភាព