
មន្ទីរកសិកម្មខេត្តព្រះវិហារបើកវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសកែច្នៃដល់សហគមន៍កៅស៊ូគ្រួសារ
ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាយកដ្ឋានកែច្នៃផលិតផលកៅស៊ូ នៃអគ្គនាយកដ្ឋានកៅស៊ូ សហការជាមួយការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសកែច្នៃដល់ប្រតិបត្តិករកៅស៊ូ នៅក្នុងភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ ពិធីប្រព្រឹត្តទៅក្រោមវត្តមានលោក សាំង សារ៉ន អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ និងលោក ប៉ែន ពេជ្រពណ្ណារាយ ប្រធានការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ក្រុមប្រឹក្សាសង្កាត់ ព្រមទាំងសិក្ខាកាម នៃសហគមន៍គ្រូសារកៅស៊ូជាច្រើនរូបទៀត។
លោក ប៉ែន ពេជ្រពណ្ណារាយ ប្រធានការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានឲ្យដឹងថា កៅស៊ូធម្មជាតិគឺជាដំណាំយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចមួយប្រភេទ ដែលផ្ដល់ប្រយោជន៍ជាច្រើនដល់អ្នកដាំសង្គមទាំងមូល និងបរិស្ថានជាពិសេស បានរួមចំណែកលើកកម្ពស់ប្រាក់ចំណូលសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចកសិករកៅស៊ូគ្រួសារ កាត់បន្ថយភាពក្រីក្រ បង្កើនការងារ និងមុខរបរមានស្ថេរភាពជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ និងកាត់បន្ថយការធ្វើចំណាកស្រុកផ្ដល់ជាវត្ថុធាតុដើម សម្រាប់វិស័យឧស្សាហកម្មផលិត ហើយជាមុខទំនិញរាប់ពាន់មុខសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
យោងតាមតួលេខរបស់អគ្គនាយកដ្ឋានកៅស៊ូ ឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ៤០៤,១៦០ហិកតា ក្នុងនោះមានចម្ការកៅស៊ូកសិឧស្សាហកម្មសរុបចំនួន ២៤៣,០០០ហិកតានិងចម្ការកៅស៊ូគ្រួសារសរុប ចំនួន ១៦១,១៦០ហិកតា មានផ្ទៃដីកៅស៊ូជាជៀជ័រសរុប ចំនួន ២៩២,៤៩៦ហិកតា។ ម្ចាស់កៅស៊ូគ្រួសារទាំងនោះ បានលក់ទឹកជ័ររបស់ខ្លួនទៅឈ្មួញកណ្ដាលម្ចាស់រោងចក្រសិប្បកម្មមួយចំនួន ដែលបណ្ដាលឱ្យពួកគាត់បាត់បង់នូវផលប្រយោជន៍របស់ខ្លួនតាមរយៈការថ្លឹងតម្លៃគ្មានការចរចា។ ដូចនេះដើម្បីដោះស្រាយបញ្ហាទាំងនេះ អគ្គនាយកដ្ឋានកៅស៊ូដែលមាននាយកដ្ឋានកែច្នៃផលិតផលកៅស៊ូជាសេនាធិការផ្ទាល់ បានផ្ដល់ជាបច្ចេកទេសកែច្នៃ និងការបង្កើតមណ្ឌលកែច្នៃកៅស៊ូនេះឡើង ក្នុងគោលបំណងផ្ដល់ចំណេះដឹងបច្ចេកទេសការងារនិងប្រាក់ចំណូលបន្ថែម និងបង្កើតឲ្យមានភាពជាពាណិជ្ជករក្នុងការចរចាតម្លៃ។
មានមតិផ្ដាំផ្ញើដល់វគ្គបណ្ដុះបណ្ដាល លោក សាំង សារ៉ន អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូបានជម្រាបជូននូវប្រវត្តិសង្ខេប និងភារកិច្ចរបស់នាយកដ្ឋានកែច្នៃផលិតកៅស៊ូដល់អង្គសិក្ខាសាលា។ លោកថា វគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ក្រុមការងារបានលើកយកនូវប្រធានបទមកបង្ហាញជូនសំខាន់ៗ ចំនួន០២ គឺទី០១ ការបង្កើតមណ្ឌលកែច្នៃកៅស៊ូ និង ទី០២ ស្ដីពី បច្ចេកទេសកែច្នៃកៅស៊ូសន្លឹកសំដិលដោយខ្យល់។ បន្ថែមពីនេះទៅទៀតលោកក៏បានធ្វើការផ្តាំផ្ញើដល់អង្គសិក្ខាសាលាទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ និងលើកឡើងពីចម្ងល់ នឹងសំនួរដែលពាក់ព័ន្ធនឹងប្រធានបទនេះ ឲ្យមានការផុសផុលដើម្បីឲ្យមានធាតុចូលបានច្រើន។
ជាមួយគ្នានេះ លោកក៏បានធ្វើការរំពឹងទុកថា សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងពីវគ្គបណ្ដុះបណ្ដាល នឹងយកទៅធ្វើការអភិវឌ្ឍនៅនឹងកន្លែងរបស់លោកអ្នក ក៏ដូចជាយកចំណេះដឹងទាំងអស់នេះ ទៅចែករំលែកដល់ម្ចាស់កៅស៊ូផ្សេងៗទៀត ដែលពួកគាត់មិនទាន់បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនាពេលនេះ៕ ដោយ ៖ ជឹម ទូច