
WHO បញ្ជាក់ថា ករណីឆ្លងកូវីដ១៩ កំពុងធ្លាក់ចុះគ្រប់ទីកន្លែង លើកលែងតែអឺរ៉ុប
អន្តរជាតិ ៖ អង្គការសុខភាពពិភពលោកបានរាយការណ៍កាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩បានកើនឡើង១០% នៅក្នុងទ្វីបអឺរ៉ុបក្នុងសប្តាហ៍មុន ដែលធ្វើឱ្យក្លាយជាតំបន់តែមួយគត់នៅលើពិភពលោកដែលមានករណីឆ្លង និងអ្នកស្លាប់កើនឡើងជាលំដាប់ដែលនេះជាសប្តាហ៍ទីប្រាំមួយជាប់ៗគ្នា ដែលការឆ្លង និងការស្លាប់បានកើនឡើងនៅទូទាំងទ្វីបអឺរ៉ុប។
នៅក្នុងរបាយការណ៍ប្រចាំសប្តាហ៍របស់ខ្លួនស្តីពីជំងឺរាតត្បាត ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបាននិយាយថា មានករណីថ្មីប្រហែល ៣.១ លានករណីនៅទូទាំងពិភពលោក កើនឡើងប្រហែល ១% ពីសប្តាហ៍មុន និងជិត២ភាគ៣ នៃករណីឆ្លង ១.៩លាននាក់ ស្ថិតនៅក្នុងទ្វីបអឺរ៉ុបដែលករណីកើនឡើង ៧% ។
ប្រទេសដែលមានករណីឆ្លងថ្មីច្រើនជាងគេនៅទូទាំងពិភពលោក គឺសហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស តួកគី និងអាល្លឺម៉ង់។ ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ ប្រចាំសប្តាហ៍បានធ្លាក់ចុះប្រហែល ៤% នៅទូទាំងពិភពលោក ហើយបានធ្លាក់ចុះនៅគ្រប់តំបន់ លើកលែងតែអឺរ៉ុប។
ក្រៅពីប្រទេសចំនួន៦១ដែលអង្គការសុខភាពពិភពលោកបានចុះបញ្ជីនៅក្នុងតំបន់អឺរ៉ុបរបស់ខ្លួន ដែលរួមមានប្រទេសរុស្ស៊ីនិងរហូរដល់អាស៊ីកណ្តាល ៤២% បានរាយការណ៍ពីការកើនឡើងនៃករណីយ៉ាងហោចណាស់ ១០% ក្នុងសប្តាហ៍មុន។ នៅអាមេរិក WHO បាននិយាយថា ករណីថ្មីប្រចាំសប្តាហ៍បានធ្លាក់ចុះ៥% ហើយការស្លាប់បានធ្លាក់ចុះ១៤%ជាមួយនឹងចំនួនខ្ពស់បំផុតដែលបានរាយការណ៍នៅសហរដ្ឋអាមេរិក៕