UPDATE ៖ អ្នកទោសម្នាក់ទៀត ក្នុងចំណោម៧នាក់ដែលហែកគុកនៅខេត្តស្ទឹងត្រែងត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន

ខេត្តស្ទឹងត្រែង ៖ អ្នកទោសជនជាតិឡាវម្នាក់ទៀតហើយ ត្រូវបានចាប់ខ្លួនមកវិញនាព្រឹកនេះ។ នេះបើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចក្នុងប្រតិបត្តិការតាមប្រម៉ាញ់អ្នកទោសលួចរត់ចេញពីពន្ធនាគារកាលពីពេលថ្មីៗនេះ។

បើតាមការឲ្យដឹងពីសមត្ថកិច្ច អ្នកទោសដែលចាប់បានមកវិញនេះ មានឈ្មោះចាក់លី ចឺតាលី ជនជាតិឡាវ ជាប់ទោសអស់១ជីវិតក្នុងករណីជួញដូរគ្រឿងញៀន ។ ហើយការចាប់ខ្លួនបាននេះ គឺធ្វើឡើងនៅចំណុចក្នុងភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅចន្លោះម៉ោង៨ទៅម៉ោង៩ព្រឹក ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នេះជាអ្នកទោសទី៤ហើយ ដែលសមត្ថកិច្ចចាប់បានមកវិញ ក្រោយពីធ្វើសកម្មភាពទម្លុះជញ្ជាំងរបងពន្ធនាគារខេត្តស្ទឹងត្រែងកាលពីយប់ថ្ងៃទី៨វិច្ឆិកាកន្លងទៅថ្មីៗនេះ ។

សូមបញ្ជាក់ថា អ្នកទោសចំនួន៧នាក់ មានទាំងជនជាតិឡាវ និងខ្មែរនោះ រហូតមកដល់ពេលនេះ សមត្ថកិច្ចចាប់បាន៤នាក់ហើយ ក្នុងនោះមានជនជាតិឡាវ២នាក់ និងជនជាតិខ្មែរ២នាក់ផងដែរ ៕ ដោយ ៖ ម៉ាវិន