
បុរសម្នាក់ប្រើធ្នូបាញ់សម្លាប់មនុស្ស៥នាក់ និង២នាក់របួសនៅប្រទេសន័រវែស
អូស្លូ ៖ មន្រ្តីប៉ូលិសនៅថ្ងៃពុធសប្ដាហ៍នេះ បានរាយការណ៍ឱ្យដឹងថា បុរសម្នាក់ប្រដាប់ដោយធ្នូ និងព្រួញ បានបាញ់សម្លាប់មនុស្សចំនួន០៥នាក់ និងបានបង្កឱ្យមនុស្ស ចំនួន០២នាក់ផ្សេងទៀតរងរបួសនៅភាគអាគ្នេយ៍ប្រទេសន័រវែស ប៉ុន្តែជនសង្ស័យត្រូវបានចាប់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១។
មន្ត្រីប៉ូលិសបានទទួលសេចក្តីរាយការណ៍ដំបូង ពីការវាយប្រហារនេះនៅក្នុងទីក្រុង Kongsberg ភាគនិរតីនៃរដ្ឋធានី Oslo នៅវេលាម៉ោងប្រហែល ១៨ ៖១៣ នាទី (ម៉ោងក្នុងស្រុក)។
លោក Oeyvind Aas ជាមន្ត្រីប៉ូលិសនៅក្នុងតំបន់នោះ បាននិយាយថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះ ហាក់ដូចជាធ្វើសកម្មភាពតែម្នាក់ឯងគត់ មិនមានគ្នា ឬបក្សពួកផ្សេងទៀតនោះទេ។ មកដល់ពេលនេះ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតលើករណីនេះថាតើ វាជាអំពើភេរវកម្ម ឬយ៉ាងណា។
គួរបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើងនៅខាងក្នុងផ្សារទំនើប Coop Extra នៅផ្នែកខាងលិចនៃទីក្រុង Kongsberg។ ហើយជនរងគ្រោះម្នាក់ក្នុងចំណោមអ្នករងរបួស គឺជាមន្ត្រីប៉ូលិសនៅក្នុងហាងនោះផងដែរ៕