
ឯកឧត្ដម ឃួង ស្រេង អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែ គឺជាចំណងដៃរបស់សម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ០៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវលេខ១០៨០ ចាប់ពីមហាវិថីឈ្នះ ឈ្នះ ដល់ផ្លូវជាតិលេខ៤២ ដែលមានប្រវែង ៦.៤៨០ម៉ែត្រ ទទឹងផ្លូវ១២ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ក្រោយផ្ទុះព្រឹត្តិការណ៍ជំងឺកូវីដ១៩ ការដ្ឋានមួយចំនួនត្រូវបានផ្អាក ប៉ុន្តែក្រោយពីសម្ដេចតេជោ ហ៊ុន សែន បានសម្រេចបើកប្រទេសជាប្រក្រតីឡើងវិញនោះ ថ្ងៃនេះគឺជាការដ្ឋានទី១ហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការស្ថាបនាផ្លូវមួយខ្សែ ប្រវែងជិត ៧គីឡូម៉ែត្រនេះឡើងវិញ។ ឯកឧត្តមបញ្ជាក់ថា កំណាត់ផ្លូវ១ខ្សែនេះ គឺជាចំណងដៃរបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ និងខណ្ឌចំនួន៣ ដែលមានដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបន្តទៀតថា សម្តេចតេជោ មិនត្រឹមតែរំដោះប្រទេសជាតិ ពីចំណុចសូន្យ និងធ្វើការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងប៉ុណ្ណោះទេ សម្ដេចនៅបានគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋថែមទៀត។ ជាក់ស្តែងនៅដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩នេះ សម្ដេចបានខិតខំស្វះស្វែងគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងការពារកូវីដ១៩ មកចាក់ជូនបងប្អូនប្រជាពលរដ្ឋអោយបានគ្រប់គ្នា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះផងដែរ អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងទាំងដូសទី១ ដូសទី២ ដូសទី៣ ឬហៅដូសជំរុញនោះ សូមទៅទទួលការ ចាក់វ៉ាក់សាំង នៅតាមមណ្ឌលសុខភាពនានា នៅក្នុងខណ្ឌរបស់ខ្លួន ហើយអាជ្ញាធរខណ្ឌទាំង១៤ ក៏ត្រូវតែជួយសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបានទទួលការចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា៕