
មន្ទីរបរិស្ថានខេត្តព្រះសីហនុរៀបចំកិច្ចប្រជុំពិភាក្សាករណីដឹកផេះធ្យូងថ្មក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ
ខេត្តព្រះសីហនុ ៖ នៅមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាករណីដឹកផេះធ្យូងថ្មក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុស្តីពី “ករណីដឹកផេះធ្យូងថ្មក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ” ដែលដឹកនាំកិច្ចប្រជុំដោយលោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ និងលោក ប្រាក់ សមប្រាថ្នា ប្រធានមន្ទីររ៉ែ និងថាមពល ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អាជ្ញាធរស្រុកស្ទឹងហាវ តំណាងរដ្ឋបាលឃុំអូរត្រេះ លោកនាយកក្រុមហ៊ុន ស៊ីម៉ៅ ត្រេឌីង ខូអិលធីឌី តំណាងក្រុមហ៊ុន CEL/CEL-II និងតំណាងក្រុមហ៊ុន CIIDG ។
លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តបានឲ្យដឹងថា តាមរយៈកិច្ចពិភាក្សាខាងលើនេះ អង្គប្រជុំបានសម្រេចឲ្យរោងចក្រ CEL/CEL-II និងរោងចក្រ CIIDG បញ្ឈប់ការប្រគល់ផេះគ្រាប់ធ្យូងថ្មទៅឲ្យក្រុមហ៊ុន ស៊ីម៉ៅ ត្រេឌីង ខូអិលធីឌី និងត្រូវរៀបចំផែនការ និងទីតាំងត្រៀមសម្រាប់ស្តុកផេះធ្យូងថ្មរបស់ខ្លួន នៅពេលដែលក្រុមហ៊ុន ស៊ីម៉ៅ ឈប់ដឹក។ ចំណែកឯ ក្រុមហ៊ុន ស៊ីម៉ៅ ត្រេឌីង ខូអិលធីឌី ត្រូវសហការជាមួយអាជ្ញាធរ និងជំនាញពាក់ព័ន្ធ នៅពេលដឹកផេះធ្យូងថ្មចេញពីមូលដ្ឋានកែច្នៃរបស់ខ្លួនតាមសន្យា ។ ក្នុងករណីក្រុមហ៊ុន ស៊ីម៉ៅ ត្រេឌីង ខូអិលធីឌី មិនបានអនុវត្តតាមការសន្យា មន្ទីរបរិស្ថាន ខេត្តនឹងអនុវត្តតាមផ្លូវតុលាការ៕ ដោយ ៖ ទឹង សុភាព