
UPDATE ៖ ចាប់បានម្នាក់ទៀតហើយ អ្នកទោសដែលហែកគុករត់គេចខ្លួននៅខេត្តស្ទឹងត្រែង
ភ្នំពេញ ៖ អ្នកទោសម្នាក់ទៀតហើយ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននៅវេលាថ្ងៃត្រង់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខណៈអ្នកទោស២នាក់ផ្សេងទៀត ដែលរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កំពុងបន្ដស្រាវជ្រាវតាមប្រមាញ់យ៉ាងយកចិត្តទុកដាក់។
សមត្ថកិច្ចខេត្ដស្ទឹងត្រែង បានបញ្ជាក់ថា អ្នកទោសដែលត្រូវចាប់ខ្លួនបានមកវិញនេះអ្នកទោសម្នាក់ឈ្មោះ ហន វិមាន រត់ចេញពីគុកស្ទឹងត្រែងដែលគេចខ្លួនមកសៀមប៉ាងត្រូវកម្លាំងនគរបាលស្រុកសៀមប៉ាងចាប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វេលាម៉ោង១២ ៖ ១៥នាទី នៅភូមិសាស្ត្រភូមិស្រម៉ ឃុំសេកុង ស្រុកសៀមប៉ាង។
សូមជម្រាបថា អ្នកទោសនៅក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែងចំនួន៧នាក់ បានហែកគុករត់គេចខ្លួន នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ គិតមកដល់រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទោស៥នាក់ហើយ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ ខណៈ២នាក់ទៀត នៅបន្ដគេចខ្លួន តែសមត្ថកិច្ចបន្ដយ៉ាងស្រាវយ៉ាងយកចិត្តទុកដាក់៕