
តុលាការមីយ៉ាន់ម៉ា កាត់ទោសអ្នកកាសែតអាមេរិកម្នាក់ ដាក់ពន្ធនាគារ ១១ឆ្នាំ
រ៉ង់ហ្គូន ៖ តុលាការនៅក្រោមរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះបានផ្ដន្ទាទោសអ្នកកាសែតអាមេរិកម្នាក់ គឺលោក Danny Fenster ដាក់ពន្ធនាគារ១១ឆ្នាំ ដែលនេះជាការ បិទបញ្ចប់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដែលទាមទារឱ្យដោះលែងរូបលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក Fenster ដែលជានាយកគ្រប់គ្រងកាសែតអនឡាញ Frontier Myanmar ត្រូវបានចាប់ខ្លួន នៅពេលដែលលោក បានព្យាយាមចាកចេញពីប្រទេស កាលពីខែ ឧសភា ដែលតុលាការ បានសម្រេចឃុំខ្លួនលោកបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ Insein នៅក្នុងទីក្រុង Yangon រងចាំការកាត់ក្ដី។
គួរបញ្ជាក់ថា លោក Fenster ត្រូវបានចោទប្រកាន់ពីបទញុះញង់ បំពានច្បាប់អន្តោប្រវេសន៍ និងច្បាប់សមាគមខុសច្បាប់។ ទន្ទឹមនោះ លោកត្រូវបានរងការចោទប្រកាន់ នាពេលថ្មីៗនេះបន្ថែមទៀត ពាក់ព័ន្ធនឹងការបះបោរ និងការរំលោភច្បាប់ភេរវកម្ម ដែលត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំផងដែរ៕