ករណី Lexus 570 បុកមនុស្សស្លាប់២នាក់នៅស្រុកពញ្ញាក្រែក សមត្ថកិច្ចកំពុងស៊ើបអង្កេត និងស្រាវជ្រាវ

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោង១២ និង១៥នាទីនារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ម្សិញមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៨ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥/១៤៦ ស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រវាងរថយន្ត Lexus 570 ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2225 និងម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ គ្មានស្លាកលេខ សណ្តោងរ៉ឺម៉កមមួយគ្រឿង បណ្តាលឱ្យមនុស្សចំនួន២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បើតាមប្រភពបានរាយការណ៍ថា ហេតុការណ៍ដែលបានកើតឡើងខាងលើនេះដោយសារតែម៉ូតូសណ្តោងរ៉ឺម៉ក់ និងរថយន្តបានបើកបរបញ្ច្រាសទិសគ្នា គឺម៉ូតូសណ្តោងរ៉ឺម៉ក់បានបើកបរពីទិសខាងជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបត់ឆ្វេងក្នុងបំណងឆ្លងផ្លូវ ធ្វើអោយរថយន្ត Lexus 570 ដែលកំពុងបើកត្រង់ពីត្បូងទៅជើងបុកពេញទំហឹងតែម្ដងបណ្តាលឱ្យអ្នកជិះលើម៉ូតូសណ្តោងរ៉ឺម៉ក់ទាំង២នាក់បានស្លាប់ភ្លាមៗតែម្តង។

សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក់ខាងលើមានឈ្មោះ អែម សំអូន (ហៅគោ) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងអ្នករួមដំណើរមានឈ្មោះ ផន ភីន ភេទប្រុស អាយុ១៦ឆ្នាំ នៅរស់ភូមិ-ឃុំជាមួយគ្នា អ្នកទាំង២បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ចំណែកអ្នកបើករថយន្ត Lexus 570 បានរត់គេចខ្លួនបាត់ស្រមោល។

ចំណែកសពជនរងគ្រោះទាំង២នាក់ត្រូវបានជំនាញធ្វើកំណត់ហេតុ រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត lexus 570 និងម៉ូតូសណ្តោងរ៉ឺម៉ក់ ត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែកជាបណ្ដោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវបន្តទៀត៕ ដោយ ៖ សហការី