
មន្ត្រីជំនាញចម្រុះចុះពិនិត្យទីតាំងសំណង់រំលោភចូលដីអូរសាធារណៈរបស់រដ្ឋ១កន្លែង នៅក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្រុមមន្ត្រីជំនាញចម្រុះ ដឹកនាំដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះពិនិត្យទីតាំងសំណង់រំលោភចូលដីអូរសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលសំណង់នេះ ត្រូវបានមន្ត្រីជំនាញមូលដ្ឋានហាមឃាត់ចំនួន២ លើកមកហើយ ឲ្យផ្អាក និងរុះរើចេញជាកំហិត តែម្ចាស់ទីតាំង ឈ្មោះ ហ៊ាង ឆៃលី មិនអនុវត្ត ទើបមន្ត្រីជំនាញបញ្ជូនសំណុំរឿងទៅតុលាការ។
លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការលើកនេះ គឺមិនទាន់អនុវត្តនីតិវិធីនៅឡើយទេ ដោយគ្រាន់តែចុះមកពិនិត្យមើលជាក់ស្ដែង ទីតាំងការសាងសង់សំណង់រំលោភចូលដីចំណីអូរសាធារណៈរបស់រដ្ឋ ដើម្បីយកនិយាមការ ប្រមូលទិន្នន័យជាក់លាក់ ក្នុងការអនុវត្តនីតិវិធីនៅពេលខាងមុខ៕ ដោយ ៖ ផល្លិត ហៅបូរ៉ា