ពូទីន ចុះហត្ថលេខាលើក្រឹត្យទទួលស្គាល់ឯករាជ្យភាព នៃតំបន់ចំនួន២ របស់អ៊ុយក្រែន

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ជាការត្រួសត្រាយផ្លូវដើម្បីបញ្ចូលតំបន់ ខឺសុន (Kherson) និងតំបន់ ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) របស់អ៊ុយក្រែន ទៅក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ីជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។

លោក ពូទីន គ្រោងនឹងប្រកាសពីការបញ្ចូលតំបន់ តំបន់ខឺសុន (Kherson) និងតំបន់ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) រួមទាំង តំបន់២ ផ្សេងទៀតរបស់អ៊ុយក្រែន គឺលូហាន និងដូណេត ក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ីជាផ្លូវការនៅម៉ោង ៣រសៀល ថ្ងៃសុក្រនេះ (ម៉ោងនៅទីក្រុង មូស្គូ»។

បើតាមក្រឹត្យខាងលើដែលចេញផ្សាយជាសាធារណៈដោយវិមានក្រឹមឡាំង កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ពូទីន ក៏បានទទួល ស្គាល់តំបន់ទាំង២ខាងលើជា « រដ្ឋឯករាជ្យ» ផងដែរ។ នៅក្នុងក្រឹត្យដដែល លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបញ្ជាឱ្យទទួលស្គាល់ តំបន់ខឺសុន (Kherson) និងតំបន់ ហ្សាប៉ូរីសហ្ស៊ីយ៉ាស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន គឺជារដ្ឋអធិបតេយ្យ និងឯករាជ្យ»។

ជុំវិញករណីនេះ បណ្ដាប្រទេសលោកខាងលិច រួមទាំងប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែររែស (Antonio Guterres) បាន ចាត់ទុកថានេះជាទង្វើខុសច្បាប់ ដែលនឹងបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ៕