
គុនល្បុក្កតោកម្ពុជាត្រៀម២១វិញ្ញាសាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣
ភ្នំពេញ ៖ អត្តពលិកគុនល្បុក្កតោកម្ពុជា បាននឹងកំពុងហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ ដើម្បីត្រៀមបង្ហាញវត្តមាន ជាលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ។
លោក វី តារ៉ា គ្រូបង្វឹកនៃគុនល្បុក្កតោកម្ពុជា បានបញ្ជាក់ថា មកទល់ពេលនេះ កីឡាករ-កីឡាការិនី បាននឹងកំពុងហ្វឹកហាត់យ៉ាងសកម្ម និងហ្មត់ចត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមខ្លួនឲ្យបានកាន់តែប្រសើរសម្រាប់ការប្រកួត។ យ៉ាងណាមក្ដីគ្រូបង្វឹកដដែលរូបនេះ បានដាក់ក្ដីរំពឹងថា គុនល្បុក្កតោកម្ពុជា នឹងធ្វើបានលទ្ធផលល្អ ដោយទទួលបានមេដាយមាស ក្នុងចំណោម ២១វិញ្ញាសា ក្នុងនាមជាម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុន។
ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ប្រភេទកីឡាដែលស្ថិតនៅចំណាត់ថ្នាក់ទី៣ ឬជាប្រភេទកីឡាក្នុងតំបន់ និងកីឡាប្រពៃណីមួយនេះ បានត្រៀម ២១វិញ្ញាសា ប្រកួតប្រជែងដណ្ដើមមេដាយ ហើយកម្ពុជា ត្រៀមកីឡាករ-កីឡាការិនី សរុបចំនួន ២៨នាក់ ដោយចែកចេញជា២ គឺវិញ្ញាសាប្រយុទ្ធ មានចំនួន ១២នាក់ និងវិញ្ញាសាសម្ដែង មានចំនួន ១៦នាក់៕