សម្តេចតេជោ ហ៊ុន សែន ៖ ធ្វើដំណើររាប់ម៉ឺនគីឡូ រយៈពេល១០ថ្ងៃ ការងារនឿយកាយ តែសប្បាយចិត្ត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញធ្វើដំណើរមកកាន់ខេត្តសៀមរាប ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់អង្គរ ទៅកាន់ភូមិរុនតាឯក ដែលនឹងធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ស្អែកនេះ។

ជាមួយនឹងដំណើរអញ្ជើញមកដល់ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន បានរំលេចសារនៅលើហ្វេសប៊ុកអំពីភាពមមាញឹកនឹងការងារ ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះទាំងការងារនៅក្រៅប្រទេស និងក្នុងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា រយៈពេល១០ចុងក្រោយនេះ សម្តេចបានធ្វើដំណើររាប់ម៉ឺនគីឡូម៉ែត្រ។ ការងារនេះនឿយកាយ តែសប្បាយចិត្ត ព្រោះបានបំពេញការងារបម្រើជាតិ និងប្រជាជន។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ដំណើរដ៏វែងឆ្ងាយដែលគ្មានពេលឈប់សម្រាកបានក្លាយជាទម្លាប់តាំងពីអាយុតិចរហូតអាយុច្រើន។ ជាកិច្ចការដែលចាំបាច់ដែលតម្រូវឲ្យធ្វើដោយខានមិនបាន។ ភ្នំពេញ.ញូយ៉ក.ឡាហាវ៉ាន.តូក្យូ.ភ្នំពេញ. សៀមរាបប្រើរយៈពេល១០ថ្ងៃចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រជាមួយការងារយ៉ាងច្រើន។ នឿយកាយតែសប្បាយចិត្តព្រោះបាន ធ្វើការបំរើជាតិនិងប្រជាជន»៕