
ក្រសួងណែនាំពីការប្រើប្រាស់គន្លងផ្លូវ និងរបៀបវ៉ាជែងលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំដល់អ្នកបញ្ជាយានយន្តគ្រប់ប្រភេទដែលចរាចរលើផ្លូវល្បឿនលឿន គួរតែយល់ដឹងអំពីការប្រើប្រាស់គន្លងផ្លូវ និងរបៀបវ៉ាជែងអោយបានត្រឹមត្រូវ ដែលត្រូវបានបែងចែកជា៣គន្លងទៅ និង៣គន្លងមកដូចខាងក្រោម ៖
១ -គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា
– អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។
២ -គន្លងផ្លូវសម្រាប់ជែង
– ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លងផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំដើម្បីងាកចូលគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ។
– ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ត្រូវប្រកាន់យកគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាដដែល។ ក្នុងករណីនេះ យានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។
៣ – គន្លងផ្លូវសម្រាប់ឈប់បន្ទាន់
– ជាគន្លងផ្លូវសម្រាប់ឈប់ ក្នុងករណីយានយន្តខូច ឬមានបញ្ហាផ្សេងៗប៉ុណ្ណោះ។
សូមជម្រាបថា ផ្លូវល្បឿនលឿន(ភ្នំពេញ-ក្រុងព្រះសីហនុ) នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០១ – ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ស្អែកនេះតទៅ៕