
គណៈកម្មការជំនាញខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ បើកកិច្ចប្រជុំស្ដីពីការអនុវត្តការងារ ជីកគាស់ រុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីក្នុងសម័យសង្គ្រាម
ខេត្តមណ្ឌលគិរី ៖ គណៈកម្មការជំនាញខេត្តមណ្ឌលគិរី (កម្ពុជា) និងខេត្តដាក់ឡាក់ (វៀតណាម) បានជួបប្រជុំស្ដីពីការអនុវត្តការងារ ជីកគាស់រុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមលើទឹកដីខេត្តមណ្ឌលគិរី ដែលបានពលីកាលពីសម័យសង្គ្រាមក្នុងទឹកដីខេត្តមណ្ឌលគិរី សំរាប់រដូវប្រាំងឆ្នាំ ២០២២-២០២៣ ក្រោមវត្តមានលោក នួន សារ៉ន អភិបាលខេត្តស្ដីទី និងលោកស្រី ហឺយីម កាដត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តដាក់ឡាក់ រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំង និងគណៈប្រតិភូជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
លោក នួន សារ៉ន អភិបាលខេត្តស្ដីទី មានប្រសាសន៍ថា ជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត និងគណៈកម្មការជំនាញខេត្តមណ្ឌលគិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការជំនាញនៃខេត្តទាំងពីរមណ្ឌលគិរី-ដាក់ឡាក់ ដែលកន្លងមកបានរួមសហការអនុវត្តការងារ និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ លើការងារជីកគាស់ រុករកប្រគល់-ទទួល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមលើទឹកដីនៃខេត្តមណ្ឌលគិរី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាលទ្ធផលរហូតមកទល់ពេលនេះ បានទៅឃើញអដ្ឋិធាតុចំនួន ៦៩៧ អដ្ឋិធាតុ និងបានធ្វើមាតុភូមិនិវត្តន៍ ទៅកាន់មាតុប្រទេសវិញរួចរាល់ផងដែរ។
លោក អភិបាលខេត្តស្ដីទី ក៏បានសំណូមពរដល់គណៈកម្មការជំនាញនៃខេត្តដាក់ឡាក់ ឲ្យបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយអាជ្ញាធរដែនដីសមត្ថកិច្ចពាក់ព័ន្ធ ប្រជាពលរដ្ឋមូលដ្ឋាន ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជន ទំនៀមទំលាប់បងប្អូនជនជាតិដើមភាគតិច និងជាពិសេសគឺច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀត អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវផ្ដល់កិច្ចសហការ និងជួយសម្របសម្រួលដល់ការក្រុមការងារជំនាញខេត្តដាក់ឡាក់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារក្នុងការស្វែងរក ជីកគាស់និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមទៅកាន់មាតុប្រទេសវិញ។
លោកស្រី ហឺយីម កាដត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ និងជាប្រធានគណៈកម្មការជំនាញខេត្តដាក់ឡាក់ បានថ្លែងនូវការកោតសរសើរ ចំពោះការរីកចម្រើន និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ខេត្តមណ្ឌលគិរី ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដែលតែងតែផ្ដល់កិច្ចសហការ ការគាំទ្រយ៉ាងល្អប្រសើរ និងបានសម្របសម្រួលដល់គណៈកម្មការជំនាញខេត្តដាក់ឡាក់ ក្នុងការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅលើទឹកដីខេត្តមណ្ឌលគិរី៕ ដោយ ៖ ផល្លិត ហៅបូរ៉ា