ឯកឧត្តម ម៉ៅ​ ធនិន ណែនាំឲ្យអាជ្ញាធរ​ក្រុង​ស្រុកដែលងាយប្រឈមនឹងគ្រោះធម្មជាតិ ត្រៀមគ្រប់លក្ខណៈដើម្បីងាយស្រួលចុះអន្តរាគមន៍

ខេត្តកំពត ៖ នារសៀល​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ នៅសាលាខេត្តកំពត សាខា​កាកបាទក្រហមកម្ពុជាខេត្ត​ បាន​បើក​កិច្ច​ប្រជុំ​ បូក​សរុប​លទ្ធផល​ការងារ​សម្រេច​បាន​៩ខែ​ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ ត្រី​មាស​ទី​៤​ ឆ្នាំ​២០២១​ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ​ ធនិន​ អភិបាលនៃគណៈអភិបាលខេត្ត​ និង​ជា​ប្រធាន​គណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​ ​ដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមកាកបាទក្រហមមន្ទីរ អង្គភាព អនុសាខា ក្រុង ស្រុក ទាំង៩​ ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលលទ្ធផលការងារដែលសម្រចបាន កន្លងមក ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួន ដែលមាននៅក្នុងសាខា និងអនុសាខា។

ក្នុង​កិច្ច​ប្រជុំ​ ឯកឧត្តម ម៉ៅ ធនិន បានមាន​ប្រសាសន៍ថា គ្រប់​ក្រុង​ស្រុកដែលងាយប្រឈមនឹងគ្រោះធម្មជាតិឱ្យត្រៀមគ្រប់លក្ខណៈដើម្បីងាយស្រួលចុះអន្តរាគមន៍ពេលហេតុការណ៍កើតឡើងដោយគ្មានព្រាងទុក។​ ឯកឧត្ដម​ប្រធាន​បន្ត​ថា​ ជាធម្មតាភូមិសាស្ត្រនៃក្រុងស្រុកនីមួយៗមិនដូចគ្នាទេ។ ម្ល៉ោះហើយផលអាក្រក់ដែលទទួលរងពីគ្រោះធម្មជាតិរមែងមានលក្ខណៈខុសប្លែកគ្នា។

ឯកឧត្តមបាន​បន្ថែម​ទៀត​ថា តំបន់ជាប់ភ្នំតែងជួបប្រទះនូវព្យុះភ្លៀងបោកបក់បង្កជាជំនន់លិចលង់ភូមិឋានស្រែចម្ការយ៉ាងឆាប់រហ័ស។ ដោយឡែកតំបន់មាត់សមុទ្ររមែងទទួលរងនូវខ្យល់កន្ត្រាក់ ផ្គររន្ទះងាយប្រឈមនឹងគ្រោះថ្នាក់ដូចជារលំផ្ទះសម្បែង ប៉ះពាល់អាយុជីវិតមនុស្សសត្វជាដើម។

ជាមួយគ្នានោះ ឯកឧត្តម ម៉ៅ ធនិន បានណែនាំថា ជាការប្រុងប្រយ័ត្នជុំវិញករណីទាំងនេះ គ្រប់អនុសាខាក្រុងស្រុកដែលប្រឈមទាំងនេះចាំបាច់ត្រូវតែត្រៀមគ្រប់លក្ខណៈដើម្បីងាយស្រួលចុះអន្តរាគមន៍ពេលហេតុការណ៍កើតឡើង។ ជាធម្មតា មហន្តរាយបង្កឡើងដោយគ្រោះធម្មជាតិមិនអាចនរណាម្នាក់បានដឹងមុននោះទេ។ ដូច្នេះអ្វីដែលត្រូវត្រៀមជាមុនរួមមានមធ្យោបាយសង្គ្រោះបន្ទាន់ ស្បៀងអាហារ បរិក្ខាសុខាភិបាលជាដើម៕ ដោយ ៖ ទ្រី ហៀន