អង្គកឋិនទានឯកឧត្តម ថង សាវុន និងលោកជំទាវ ប្រមូលថវិកាបានជាង៨០លានរៀល និងដុល្លារជាង ២ម៉ឺនដុល្លារ

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ កាលពីចុងសប្តាហ័កន្លងទៅនេះបានរៀបចំបុណ្យកឋិនទានសាមគ្គី ដង្ហែរទៅវត្តឥសាន្តរតនារាម (ហៅវត្តភ្នំស្វាយ) ស្ថិតនៅភូមិស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី និងដើម្បីប្រមូលបច្ច័យកសាងព្រះពុទ្ធព្រះបដិមាមួយអង្គនៅលើកំពូលភ្នំឥសីបតមៈ (ភ្នំស្វាយ) ទុកជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទជិតឆ្ងាយទូទៅ ដែលបច្ចុប្បន្នបានកសាងសម្រេចបាន ៨០%ហើយ។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំបុណ្យអង្គកឋិនទានសាមគ្គីនេះ គឺបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម បញ្ជាក់ថា សម្រាប់ការរៀបចំអង្គកឋិនទានសាមគ្គីនេះ ប្រមូលបានបច្ច័យសរុបចំនួន ៨៤,៧២៥,០០០រៀល និងប្រាក់ដុល្លាចំនួន ២៤,៣០០ដុល្លារ ក្នុងនោះឯកឧត្តម បានរំលែកបច្ច័យខាងលើចំនួន ៣០,០០០,០០០រៀល ប្រគេនព្រះសង្ឃ សម្រាប់កសាងសមិទ្ធិផ្សេងៗ ក្នុងវត្តផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដែលបានមូលមតិគ្នាផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទាននាពេលនេះ។ ឯកឧត្តម បានបន្ថែមថា ការធ្វើបុណ្យអង្គកឋិនទានសាមគ្គីនេះ ជាការរួមចំណែកមួយក្នុងការលើកស្ទួយ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានបង្ហាញឲ្យកូនចៅជំនាន់ក្រោយ មើលឃើញនូវការប្រារព្ធពិធីពុទ្ធសាសនា ដែលជាទំនៀមទំលាប់ព្រៃណីដ៏ល្អរបស់ខ្មែរយើង ។

ឯកឧត្តម អភិបាលខេត្ត បានប្រសិទ្ធិពរជយ័ដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា មន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានចូលបច្ច័យតាមសទ្ធាជ្រះថ្លា ចូលរួមថវិកា ក្នុងអង្គកឋិនទាន ដើម្បីចូលរួមកសាងព្រះពុទ្ធព្រះបដិមាមួយអង្គនៅលើកំពូលភ្នំឥសីបតមៈ (ភ្នំស្វាយ) ទុកជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទជិតឆ្ងាយទូទៅ ដែលបច្ចុប្បន្នបានកសាងសម្រេចបាន ៨០%ហើយ ដើម្បីតម្កល់ មហាកុសលផលបុណ្យទៅអនាគតជាតិ ពិសេស សូមឲ្យវត្ថុសក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាប្រមុខដឹកនាំប្រទេស ថ្នាក់ដឹកនាំខេត្ត និងប្រជាជនខ្មែរទូទាំងប្រទេស ជួបតែសុខសន្តិភាព និងមានការអភិវឌ្ឍន៍ជានិរន្តផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕ ដោយ ៖ ផែង ផល្លិត