រសៀលនេះ វ៉ាក់សាំង Astrazeneca ចំនួន ៣២៤,០០០ដូសទៀត ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់នឹងមកដល់កម្ពុជា

ភ្នំពេញ ៖ លោកជំទាវស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា តាមផែននៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វ៉ាក់សាំង Astrazeneca ចំនួន៣២៤,០០០ដូសបន្ថែមទៀត ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា។ ការមកដល់នូវវ៉ាក់សាំងតាមរយៈយន្ដការកូវ៉ាក់លើកនេះ ជាលើកទី៣ហើយ។

លោកជំទាវបានថ្លែងយ៉ាងដូច្នេះថា «វ៉ាក់សាំង Astrazeneca ចំនួន៣២៤,០០០ដូស ពី COVAX Facility Round 3 នឹងមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅម៉ោង១៤ ៖ ៥៥នាទីរសៀល»។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបប្រមាណ៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិន បានផ្គត់ផ្គត់វ៉ាក់សាំង ដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះ មានអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក តាមរយៈកូវ៉ាក់ផងដែរ។

គិតត្រឹមយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,០៥១,៩២៥នាក់។ ក្នុងរួមមាន ៖ ១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,០៥៦,០៩០នាក់, ២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៩៩,១៩៩នាក់, ៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៦៧,០១៨នាក់និង៤៖ អាយុ៥ឆ្នាំ ២២៩,៦២៧នាក់៕