វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន២លានដូសថែមទៀតដែលជាជំនួយរបស់រាជរដ្ឋាភិបាល​​ជនចិនដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ របស់ក្រុមហ៊ុនចិនចំនួន២លានដូសទៀតដែលជាជំនួយរបស់រាជរដ្ឋាភិបាល​​ និងប្រជាជនចិនជូនរាជរដ្ឋាភិបាលកម្ពុជាបានដឹកមកដល់រាជធានីភ្នំពេញហើយ។

លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ព្រឹកថ្ងៃនេះយើងនឹងត្រូវទទួលបានវ៉ាក់សាំង Sinovac ចំនួន ២លានដូសបន្ថែមទៀត ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជាក់ក្នុងឱកាសឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលថ្មីៗកន្លងទៅនេះ»។

សូមបញ្ជាក់ថា ក្នុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានប្រកាសផ្តល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៣លានដូសបន្ថែមទៀតមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ប្រទេសចិន គឺជាប្រទេសដំបូងគេ ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកកាន់ប្រទេសកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ពេលនេះ វ៉ាក់សាំងដែលរដ្ឋាភិបាលចិន បានផ្តល់ជាជំនួយមកកម្ពុជាមានចំនួនសរុប ៦លាន ៨០ម៉ឺនដូស។ ជាមួយគ្នានេះ ក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន បានផ្តល់ជំនួយចំនួន ៥០ម៉ឺនដូសផងដែរ។

ប្រទេសចិន បានក្លាយទៅជាបង្អែកដ៏ខ្លាំងក្លាក្នុងការផ្គត់ផ្គង់វ៉ាក់សាំងមកកាន់ប្រទេសកម្ពុជា ចាក់ជូនប្រជាពលរដ្ឋការពារសុខភាពពីការរាតត្បាតជំងឺកូវីដ១៩។ មកដល់ពេលនេះ កម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិនទាំងជំនួយ និងការបញ្ជាទិញមានចំនួនសរុប ៣២លាន ៨សែនដូស។

វត្តមានវ៉ាក់សាំងរបស់ចិន បានធ្វើឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងមុនផែនការគ្រោងទុក។ គិតត្រឹមថ្ងៃទី១៣ ខែតុលា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំឡើង បានចំនួនជាង ១៣.៥លាននាក់ហើយ ស្មើនឹងប្រមាណ ៨៤.៦៦ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។ ក្នុងនោះអ្នកចាក់បានទាំងពីរដូស មានចំនួនជាង ១២លាននាក់ ហើយអ្នកចាក់ដូសទី៣ ឬដូសជំរុញ បានជាង ១លាននាក់៕