
ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦.៣៤៣ ករណីទៀត និងស្លាប់៤៥នាក់
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃច័ន្ទនេះបានប្រកាសបន្តរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៦.៣៤៣ករណី និងមានអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន៤៥នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។
បើតាមក្រសួងសុខាភិបាលថៃបញ្ជាក់ថា នៅថ្ងៃអាទិត្យម្សិលមិញអ្នកជំងឺកូវីដ -១៩ ចំនួន ៧.៦៦៣ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ១.៩៩៥.៨៩០ នាក់ដែលក្នុងនោះ ១.៨៨៣.០៨៣ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១៩.៩៨៧ នាក់ក្នុងកំឡុងពេលរលកទី ៣ និង ២០.០៨១ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕