
Man Utd កំពុងព្យាយាមបញ្ចុះបញ្ចូល Zidane ឱ្យមកជំនួសតំណែង Ole
អង់គ្លេស ៖ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាកំពុងព្យាយាមយ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូលលោក Zinedine Zidane ឱ្យមកជំនួសតំណែងលោក Ole Gunnar Solskjaer ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្លឹប។
លោក Solskjaer នៅតែស្ថិតក្នុងតំណែងរបស់គាត់នៅ Old Trafford ទោះបីជាមានទម្រង់លេងមិនសូវល្អក៏ដោយ ប៉ុន្តែអនាគតរបស់គ្រូបង្វឹកសញ្ជាតិន័រវេសជាមួយបិសាចក្រហមហាក់នូវស្រពិចស្រពិល។
លោក Brendan Rodgers គ្រូបង្វឹករបស់ Leicester City នៅតែ មានទំនាក់ទំនងយ៉ាងខ្លាំងក្នុងការទៅដឹកនាំក្លឹបបិសាចក្រហម ប៉ុន្តែបើយោងតាមកាសែត The Times បានឱ្យដឹងថា Man United កំពុងព្យាយាមបញ្ចុះបញ្ចូលលោក Zidane ឱ្យកាន់តំណែងនេះ។
ទោះបីជាយ៉ាងណាក៏ដោយ បិសាចក្រហមសង្ឃឹមថាទំនាក់ទំនងជិតស្និទ្ធរបស់លោក Zidane ជាមួយអតីតកីឡាកររបស់ក្លឹប Real Madrid គឺ Cristiano Ronaldo និង Raphael Varane អាចនាំឲ្យគាត់ ទទួលយកបញ្ហាប្រឈមនៅ Man Utd៕