តាលីបង់ប្រើប្រាស់បរិក្ខារយោធាដែលបន្សល់ទុកដោយអាមេរិកធ្វើព្យុហយាត្រាយោធានៅក្រុងកាប៊ុល

កាប៊ុល ៖ ក្នុងចេតនាបង្ហាញអំពីការផ្លាស់ប្តូរ ពីទម្រង់ជាកងកម្លាំងក្រុមឧទ្ទាម ទៅជាកងទ័ពរបស់ប្រទេសមួយ ដូចគេដូចឯងដែរ កាលពីថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា កងកម្លាំងតាលីបង់បានធ្វើព្យុហយាត្រាយោធា នៅទីក្រុងកាប៊ុល ដោយប្រើរថពាសដែកផលិតដោយអាមេរិក និងឧទ្ធម្ភាគចក្ររុស្ស៊ី ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្កានីស្ថាន លោក Enayatullah Khwarazmi បានប្រាប់ឲ្យដឹងថា ការធ្វើព្យុហយាត្រាយោធាខាងលើនេះ គឺជាការផ្សាភ្ជាប់ជាមួយការបញ្ចប់ថ្នាក់ហ្វឹកហ្វឺន របស់ទាហានថ្មីៗប្រមាណ២៥០នាក់។ លោកបញ្ជាក់ថា ព្យុហយាត្រាយោធាខាងលើនេះ មានការប្រើប្រាស់រថពាសដែកប្រភេទ M117 រាប់សិបគ្រឿងរបស់សហរដ្ឋអាមេរិក និងឧទ្ធម្ភាគចក្រ Mi-17 របស់រុស្ស៊ីហោះអមពីលើ ខណៈទាហានជាច្រើននាក់ទៀត សុទ្ធតែមានបំពាក់ជាប់ខ្លួននូវកាំភ្លើង M4 ផលិតដោយសហរដ្ឋអាមេរិក។

តាលីបង់ធ្លាប់ជាក្រុមសកម្មប្រយុទ្ធបះបោរ អស់រយៈពេលពីរទសវត្សរ៍មកហើយ ប៉ុន្តែនៅពេលនេះ ពួកគេកំពុងប្រើប្រាស់អាវុធ និងបរិក្ខារយោធាដ៏ច្រើនសន្ធឹកសន្ធាប់ បន្សល់ទុកដោយអតីតរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិច បានដួលរលំនៅក្នុងខែសីហា ហើយការប្រើប្រាស់សព្វាវុធពីលោកខាងលិច នឹងជួយជួសជុលការខ្វះខាតរបស់ពួកគេផងដែរ។

សូមជម្រាបថា គិតចាប់ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១៧ សហរដ្ឋអាមេរិកបានជួយទ្រទ្រង់ វិស័យយោធារបស់អតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថាន សរុបជាទឹកប្រាក់ជាង ២៨ពាន់លានដុល្លារឯណោះ ក្នុងនោះមានដូចជាការផ្តល់ អាវុធ, គ្រាប់កាំភ្លើង, រថពាសដែក, ឧបករណ៍ឆ្លុះពេលយប់, យន្តហោះយោធា និងប្រព័ន្ធឃ្លាំមើលជាដើម៕