រុស្ស៊ី ៖ ​អ្នក​ដែល​មិន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ មិន​អាច​​ទិញ​គ្រឿង​ស្រវឹង​បាន​ទេ​

ម៉ូស្គូ ​៖ រដ្ឋាភិបាល​រុស្ស៊ីបាន​ឲ្យ​ដឹងកាលពី​ថ្ងៃ​សៅរ៍​ថា ជនជាតិ​រុស្ស៊ី​រូប​ណា​ដែល​មិន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ប្រហែលជា​គ្មាន​សិទ្ធិ​អាច​ទិញ​គ្រឿង​ស្រវឹង​បាន​នោះទេ​។​ ទីភ្នាក់ងារ​គ្រប់គ្រង​ជំងឺឆ្លង​រុស្ស៊ី នៅក្នុង​តំបន់ Sverdlovsk កំពុង​ពិចារណា​ក្នុងការ​រារាំង រាល់​ការលក់​គ្រឿង​ស្រវឹង​ដល់​មនុស្ស​ដែល​មិនមាន QR code ដែល​បញ្ជាក់ថា ពួកគេ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។

លោក Artyom Bakhterev រដ្ឋមន្ត្រី​ប្រចាំ​តំបន់កសិឧស្សាហកម្ម​ក្នុង​តំបន់ Sverdlovsk បាន​និយាយថា យើង​បានដឹង​ពី​គំនិត​ផ្តួចផ្តើម​នៃ​ចំណាត់ការ​នេះ ដូច្នេះ​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ពិភាក្សា​អំពី​វិធានការ​នេះ ជាមួយ​សហការី និង​អ្នកជំនាញ​នៅក្នុង​កិច្ចប្រជុំ​បន្ទាប់ នៃ​ទីស្នាក់ការ​កណ្តាល​ប្រតិបត្តិការ​។ លោកថា គំនិត​ផ្ដួចផ្ដើម​នេះ អាច​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​ប្រជាជន​រុស្ស៊ី​ទាំងអស់បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ ផងដែរ​។​

សូមជម្រាបថា ចាប់តាំងពី​ខែ តុលា មក តំបន់​ជាច្រើន​នៅក្នុង​ប្រទេស​រុស្ស៊ី ត្រូវបាន​រឹតបន្តឹងដើម្បី​ដោះស្រាយ​វិបត្តិ​មេរោគ​ឆ្លង តាមរយៈ​ប្រព័ន្ធ QR code ស្គេ​ន​៕