ឯកឧត្តម គួច ចំរើន ៖ រដ្ឋបាលខេត្តនឹងបន្តខិតខំកៀរគររកប្រភពថវិកាបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមក្រុងស្រុកឲ្យកាន់តែច្រើនបន្ថែមទៀត

ខេត្តព្រះសីហនុ ៖ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងបន្តខិតខំកៀរគររកប្រភពថវិកា បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមក្រុងស្រុក ឃុំសង្កាត់ក្នុងខេត្តព្រះសីហនុ ដើម្បីឱ្យមានភាពកាន់តែងាយស្រួល ក្នុងការធ្វើចរាចរ ក៏ដូចជាការទាក់ទាញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មកកាន់ខេត្តព្រះសីហនុនាពេលខាងមុខ កាន់តែច្រើនបន្ថែមទៀត។

ការបញ្ជាក់របស់ឯកឧត្តមបែបនេះធ្វើឡើងនាព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យផ្លូវបេតុងមួយខ្សែចាប់ពីចំណុចផ្លូវបំបែកផ្លូវលេខ៧០២ (ផ្លូវអូរអារ៉េវ) រហូតដល់មុខសាលាយុត្តិធម៌ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសសាងសង់ ត្រូវដាក់ដែកជើង ទា ដើម្បីទ្រសរសៃដែក ព្រោះវាមានគុណភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង ព្រមទាំងជំរុញឱ្យក្រុមកាងារសាងសង់ពន្លឿនការសាង សង់ឱ្យបានលឿន ធានាបានបរិមាណ គុណភាព និងសោភ័ណភាព ហើយផ្លូវមួយខ្សែនេះ ជាផ្លូវមេ ដែលអាចជួយសម្រួលចរាចររបស់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ។

សូមជម្រាបជូនថា ផ្លូវបេតុងមួយខ្សែនេះ មានទទឹង ១០,២៥ម៉ែត្រ បណ្តោយ ២,២៦៦ម៉ែត្រ សាងសង់អំពីបេតុងឆ្អឹងដែកមានកម្រាស់ ០,២០ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ២០២១ នៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ហើយនៅឆ្នាំ២០២២ ខាងមុខ រដ្ឋបាលខេត្ត នឹងមានគម្រោងស្ថាបនាផ្លូវបេតុងនេះបន្តទៀត ដែលមានប្រវែងជាង ៧០០ម៉ែត្រ៕ ដោយ ៖ ទឹង សុភាព