
ចិនមើលឃើញការឆ្លងរាលដាលកាន់តែខ្លាំងនៅទីក្រុង Dalian នូវវីរូសកូវីដ១៩ បម្លែងខ្លួនថ្មី Delta
ប៉េកាំង ៖ ប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បម្លែងខ្លួនថ្មី Delta ក្នុងលក្ខណៈធំបំផុតរបស់ខ្លួន។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរចិន។
ការឆ្លងក្នុងសហគមន៍ថ្មីចំនួន ៣២ ករណី ត្រូវបានរាយការណ៍ កាលពីថ្ងៃទី ១៤ ដែលការឆ្លងភាគច្រើនគឺនៅក្នុងទីក្រុងកំពង់ផែ Dalian ភាគឦសានប្រទេសចិន។ ករណីឆ្លងខាងលើបានធ្វើឲ្យចំនួនឆ្លងក្នុងសហគមន៍សរុប កើនដល់ ១.៣០៨ ករណី ដោយលើសពីការឆ្លងក្នុងសហគមន៍ដំបូងនៃវីរុសបម្លែងខ្លួនថ្មី Delta នេះមានចំនួន ១.២៨០ ករណី។
ការឆ្លងរាលដាលនៃវីរុសបម្លែងខ្លួនថ្មី Delta នេះបានធ្វើឲ្យប៉ះពាល់ដល់ខេត្ត និងក្រុងរបស់ប្រទេសចិនចំនួន ២១ ។ បើទោះបីជា ការឆ្លងមានចំនួនតិចតួចជាងក្នុងប្រទេសផ្សេងទៀតក្ដី ប៉ុន្តែអាជ្ញាធរចិន ហាក់មានក្តីព្រួយបារម្ភ ក្នុងការទប់ស្កាត់ការឆ្លងបន្ថែមទៀត។
គួរបញ្ជាក់ថា ចាប់តាំងពីទីក្រុង Dalian ត្រូវបានរកឃើញការឆ្លងក្នុងសហគមន៍ជាមធ្យម ២៤ ករណីក្នុង ១ ថ្ងៃ ទីក្រុងកំពង់ផែដែលមានប្រជាជនរស់នៅចំនួន ៧.៥ លាននាក់មួយនេះ ត្រូវបានរឹតបន្តឹងវិធានការសុខាភិបាលយ៉ាងតឹងរឹងបំផុតផងដែរ ដើម្បីផ្ដាច់ខ្សែចង្វាក់ចម្លងនៃវីរុសនេះ៕