អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុធ អភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំការងារគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធានមន្ទីរ/អង្គភាព ជុំវិញខេត្ត និងអភិបាលក្រុង/ស្រុក ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

របៀបវារៈនៃកិច្ចប្រជុំរួមមាន ៖ ១. របាយការណ៍សន្តិសុខសណ្តាប់ធ្នាប់។ ២. ផែនការរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ពិធីបុណ្យអ៊ុទូក អកអំបុក និងបុណ្យជាតិ អន្តរជាតិផ្សេងៗ។ ទី៣ ពង្រឹង របៀបរបបការងារ និងការបន្តអនុវត្តសារាចរណែនាំនានា របស់រាជរដ្ឋាភិបាល ជាពិសេស បទល្មើសធនធានធម្មជាតិ។ ទី៤ បញ្ហាផ្សេងៗ មានការងារចាក់វ៉ាក់សាំង និងវិធានការអនុច្បាប់ និងសារាចរនានា ក្នុងបរិបទកូវីដ-១៩ រួមទាំងការបើកសាលារៀន និងការត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ។ ការងារពង្រឹងវិធានការសុខាភិបាលនៅតាមកន្លែងសេវាកម្មទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ បូទីក រមណីយដ្ឋានទេសចរណ៍)។ ការពន្លឿងរបាយការណ៍វឌ្ឍនភាពការងាររយៈពេល៥ឆ្នាំ (២០១៧-២០២១) របស់រដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាព៕ ដោយ ៖ ផែង ផល្លិត