
ក្លិបអ្នកកាសែតកម្ពុជារៀបចំកិច្ចពិភាក្សាសារព័ត៌មានស្តីពី «ការចុះបញ្ជីស្ថាប័ន និងអង្គការសារព័ត៌មាន»
ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចពិភាក្សាសារព័ត៌មានតាមប្រពន្ធ័ហ៊្សូម (Zoom Meeting) ស្តីពី«ការចុះបញ្ជីស្ថាប័ន និងអង្គការសារព័ត៌មាន»។
កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឱម តារាឫទ្ធិ ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម លោក ឈរ ប៉េងអាន អនុប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម លោក អាន សំណាង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ លោក គាន ណារិន អនុប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានដែលមកពីបណ្តាអង្គភាពផ្សេងៗជាង៨០នាក់។
ក.អ.ក រៀបចំកិច្ចពិភាក្សាសារព័ត៌មាននេះគឺដើម្បីអ្នកសារព័ត៌មានបានស្វែងយល់ឲ្យកាន់តែច្បាស់អំពីគោលបំណងនីតិវិធី និងសារប្រយោជន៍នៃការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណលើវិស័យសារព័ត៌មាន និងសោតទស្សន៍ រួមទាំងការចុះបញ្ជីនៅក្រសួងមហាផ្ទៃសម្រាប់អង្គការ សមាគម និងក្លិបសារព័ត៌មាននៅកម្ពុជា ៕