រដ្ឋាភិបាលកូរ៉េខាងត្បូង ប្រកាសជួយរៀបចំបុណ្យសព និងផ្តល់ការព្យាបាលផ្លូវចិត្ត ដល់គ្រួសារអ្នកស្លាប់និងរបួស ក្នុងហេតុការណ៍ជាន់គ្នា អំឡុងបុណ្យ Halloween

សេអ៊ូល ៖ រដ្ឋាភិបាលនឹងផ្តល់​ការគាំទ្រ ក៏ដូចជាថវិកាឧបត្ថម្ភ សម្រាប់គ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងរងរបួស ក្នុងហេតុការណ៍ជាន់គ្នា អំឡុងពិធីបុណ្យ Halloween នៅឯទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ហាន ឌុកស៊ូ (Han Duck-soo) នៅថ្ងៃអាទិត្យនេះ បាននិយាយថា «រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងដាក់ដំណើរការ ក្រុមការងារមួយសម្រាប់គាំទ្រ ដល់ការរៀបចំបុណ្យសព សម្រាប់អ្នកស្លាប់ ហើយនឹងឆ្លើយតបយ៉ាងពេញលេញ ចំពោះការព្យាបាលអ្នកដែលរងរបួស ខណៈការងារនេះនឹងប្រព្រឹត្តទៅ អមជាមួយក្រសួងសុខាភិបាលនិងសុខុមាលភាព។ មិនតែប៉ុណ្ណោះ ក៏នឹងមានការផ្តល់ការព្យាបាលផ្លូវចិត្ត សម្រាប់គ្រួសារសព និងអ្នកទទួលរងរបួស ផងដែរ»។

ដោយឡែក ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol)  បានប្រកាសពីរយៈពេលសម្រាប់ការកាន់ទុក្ខនៅទូទាំងប្រទេស។ ទន្ទឹមនោះ លោក យូន បានផ្ញើការចូលរួមរំលែកទុក្ខដល់ គ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិត និងជូនពរឱ្យអ្នករងរបួសទាំងអស់ ឆាប់ជាសះស្បើយវិញ។ លោក យូន បានបន្តថា រូបលោកមានអារម្មណ៍សោកសង្រេងជាទីបំផុត ពេលឃើញមានសោកនាដកម្មបែបនេះ កើតឡើងនៅកណ្តាលទីក្រុងសេអ៊ូល ហើយលោកបានប្តេជ្ញាថា នឹងរៀបចំចំណាត់ការផ្សេងៗ ដើម្បីទប់ស្កាត់កុំឱ្យហេតុការណ៍ស្រដៀងគ្នា អាចកើតមានឡើងសាជាថ្មី នាពេលអនាគត។

សូមជម្រាបថា ហេតុការណ៍មនុស្សជាន់គ្នាស្លាប់និងរបួសខាងលើ បានកើតឡើងនៅសង្កាត់អ៉ីតែវ៉ុន (Itaewon) នៃរដ្ឋធានីសេអ៊ូល ដែលជា​តំបន់ពេញនិយមជាខ្លាំង សម្រាប់ការដើរកម្សាន្តពេលរាត្រី។ តួលេខចុងក្រោយបំផុតពីអាជ្ញាធរកូរ៉េខាងត្បូង គឺមនុស្សចំនួន១៥១នាក់បានស្លាប់ ក្នុងនោះមានជនបរទេស ១៩នាក់ ខណៈអ្នករបួសមាន ៨២នាក់៕