NATO ជំ​រុញឱ្យ​រុស្ស៊ី បន្ត​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​

មូ​ស្គូ ​៖ អង្គការ​ណា​តូ បាន​អំពាវនាវ​ឱ្យ​រុស្ស៊ី ពិនិត្យមើល​ឡើងវិញ​នូវ​ការសម្រេចចិត្ត​របស់ខ្លួន​លើ​ការផ្អាក​ការចូលរួម នៅក្នុង​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន និង​ស្ដារ​វា​ឡើងវិញ​ជាបន្ទាន់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ Reuters ។​

ទីភ្នាក់ងារ​នេះ បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​របស់​អង្គការ​ណា​តូ លោក Oana Lungescu បាន​និយាយថា យើង​សូម​អំពាវនាវ​ឱ្យ​រុស្ស៊ី ពិចារណា​ឡើងវិញ​នូវ​ការសម្រេចចិត្ត​របស់ខ្លួន និង​បន្ត​កិច្ចព្រមព្រៀង​ជាបន្ទាន់ ដើម្បី​សម្រួល​ឱ្យមាន​ស្បៀង​ដល់​អ្នក​ដែល​ត្រូវការ​។ ទីភ្នាក់ងារ​ដដែល បាន​បញ្ជាក់ថា សម្ព័ន្ធមិត្ត ក៏បាន​អំពាវនាវ​ឱ្យ​រុស្ស៊ី ឈប់​ប្រើប្រាស់​អាហារ​ជា​អាវុធ​ក្នុង​សង្គ្រាម​។​

ជាមួយគ្នានេះ ក្រសួងការពារជាតិ​រុស្ស៊ី បានលើកឡើង កាលពី​ថ្ងៃ​សៅរ៍​ថា បន្ទាប់ពី​ការវាយប្រហារ​ភេរវកម្ម​ប្រព្រឹត្ត​ដោយ​របប​ក្រុង​គៀវ និង​មានការ​ចូលរួម​ពី​បរទេស ប្រឆាំងនឹង​កង​នាវាចរ​សមុទ្រ​ខ្មៅ​របស់​ទីក្រុង​មូ​ស្គូ និង​កប៉ាល់​ស៊ីវិល​ដែល​ចូលរួម ដើម្បី​ធានា​សន្តិសុខ​នៃ​ច្រករបៀង​គ្រាប់​ធញ្ញជាតិ ទើប​ធ្វើ​ឲ្យ​ភាគី​រុស្ស៊ី ផ្អាក​ការចូលរួម​របស់ខ្លួន​។

សូមជម្រាបថា ទីក្រុងមូស្គូបានប្រកាសផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងសំខាន់មួយ ដែលអនុញ្ញាតឱ្យ គ្រាប់ធញ្ញជាតិអាចត្រូវនាំចេញពីកំពង់ផែរបស់អ៊ុយក្រែន ក្រោមហេតុផលថា ក្រុមនាវាយោធារុស្ស៊ីបានទទួលរង ការវាយប្រហារដោយដ្រូន នៅឯតំបន់គ្រីមៀ៕