
រដ្ឋមន្រ្តីកសិកម្មចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោបង្កាត់សិប្បនិម្មិតជាលក្ខណៈគ្រួសារ និងកសិដ្ឋានចិញ្ចឹមជ្រូក-មាន់នៅខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅពិនិត្យកសិដ្ឋានចិញ្ចឹមគោបង្កាត់សិប្បនិម្មិតជាលក្ខណៈគ្រួសាររបស់លោក សេង សុកចិត្រា នៅភូមិព្រៃស្រង៉ែ ឃុំបល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្រោយពីបានស្តាប់របាយការណ៍បច្ចេកទេសរបស់ម្ចាស់កសិដ្ឋាន ឯកឧត្តមរដ្ឋមន្រ្តីក៏បានទទួលយកសំណូមពរពីម្ចាស់កសិកដ្ឋាន ដែលស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើការផ្សព្វផ្សាយជូនកសិករយល់ដឹងឱ្យទូលំទូលាយក្នុងការចិញ្ចឹមគោសិប្បនិម្មិត។
បន្ទាប់មក នាថ្ងៃជាមួយគ្នានោះ ឯកឧត្តមក៏បានចុះទៅពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកនិងមាន់សាច់របស់ក្រុមហ៊ុន CP សាខាខេត្តកំពង់ធំ របស់លោក ងី គីមពៅ នៅភូមិអូរកោះគគី ឃុំជ្រប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានសមត្ថភាពផលិតជ្រូកបានចំនួន ៩ ០០០ក្បាលនិងមាន់ចំនួន ៧០ ០០០ក្បាល/វគ្គចិញ្ចឹម។
ក្រៅពីបានស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងបញ្ហាប្រឈមក្នុងការចិញ្ចឹម ក៏ដូចជាប្រសិទ្ធភាពសេដ្ឋកិច្ច លោកក៏បានជូនយោបល់ដល់ម្ចាស់កសិដ្ឋានអំពីបញ្ហាអគ្គិសនី ដោយបានណែនាំឱ្យម្ចាស់កសិដ្ឋានទៅស្នើសុំប្រើប្រាស់អគ្គិសនីសម្រាប់បម្រើឱ្យវិស័យកសិកម្មដែលមានតម្លៃថោកជាងតម្លៃអគ្គីសនីធម្មតា៕