
ប្រមុខការទូតអាមេរិក និងចិនជួបសន្ទនាគ្នាតាមទូរស័ព្ទ ពិភាក្សាពីប្រធានបទមួយចំនួន
វ៉ាស៊ីនតោន ៖ លោក អាន់តូនី ប្លីនខិន (Antony Blinken) រដ្ឋមន្រ្តីការបរទេសអាមេរិក និងរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបសន្ទនាគ្នាតាមប្រព័ន្ធទូរស័ព្ទ ហើយបានពិភាក្សាអំពីប្រធានបទមួយចំនួន កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។
កិច្ចសន្ទនាតាមទូរស័ព្ទខាងលើ កើតឡើងចំពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងធ្លាក់ចុះដុនដាបជុំវិញបញ្ហាតៃវ៉ាន់ និងជាលើកដំបូងចាប់តាំងពី ប្រមុខការទូតអាមេរិកបានព្រមានថា ចិនកំពុងពន្លឿនផែនការដណ្តើមយកដែនកោះនេះ មកកាន់កាប់វិញ។
ក្រសួងការបរទេសអាមេរិកបានប្រាប់ថា នាឱកាសនោះ ប្រមុខការទូតនៃប្រទេសមហាអំណាចទាំងពីរ បានជជែកអំពីភាពចាំបាច់ ក្នុងការគ្រប់គ្រងការប្រកួតប្រជែងគ្នា ដោយភាពទទួលខុសត្រូវខ្ពស់។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេត ប្រាយ (Ned Price) លោក ប្លីងខិន ក៏បានពិភាក្សាអំពីភាពចាំបាច់ នៃការបន្តបើកចំហមធ្យោបាយទំនាក់ទំនង ហើយលើកឡើងអំពីវិបត្តិសង្រ្គាមនៅអ៊ុយក្រែនផងដែរ ជាមួយលោក វ៉ាង ដោយលោក ប្លីងខិន បានសង្កត់ធ្ងន់ថា វាកំពុងបង្កការគំរាមកំហែងជាខ្លាំង ចំពោះសន្តិសុខក៏ដូចជាស្ថិរភាពសេដ្ឋកិច្ចពិភពលោក។
សូមជម្រាបថា ចិនបានចៀសវាងរិះគន់ជាសាធារណៈចំពោះរុស្ស៊ី សម្រាប់ការឈ្លានពានរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែនកាលពីខែកុម្ភៈ ហើយជំនួសមកវិញបានបន្ទោសលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ (NATO) ថា ជាដើមចមដែលបង្កឱ្យសង្រ្គាមផ្ទុះឡើង។ ៕