
ក្រសួងឧស្សាហកម្មនឹងរៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ និងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា២០២២នៅថ្ងៃទី១១-១៣ ខែវិច្ឆិកាខាងមុនេះ
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ និងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងនៅ The Factory Phnom Penh ក្រោមប្រធានបទ «អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាតាមរយៈមូលធនមានទេព្យកោសល្យ បច្ចេកវិទ្យា»។
«ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២» ជាកម្មវិធីដ៏ធំមួយដែលរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាកម្មវិធីឈានមុខគេប្រចាំឆ្នាំលើកទីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ ចាត់ចែង និងសម្របសម្រួលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ៖ «ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាតាមរយៈមូលធនមានទេពកោសល្យបច្ចេកវិទ្យា»
«ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២» នឹងមានកិច្ចពិភាក្សានិងចែករំលែកបទពិសោធន៍រវាងវាគ្មិនជំនាញៗ, ការស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការពង្រីកចំណេះដឹង, ការបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច និងជាពិសេសការបង្កើតឱកាសវិនិយោគ៕