មន្ទីរ​បញ្ច​កោណ ព្រួយបារម្ភ​​ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ចិន​

វ៉ាស៊ីនតោន ៖ មន្ទីរ​បញ្ច​កោណ​បាន​ព្រមាន​ថា ប្រទេស​ចិន​កំពុង​បង្កើន​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​យ៉ាង​ឆាប់រហ័ស ហើយ​កំពុង​ឈានទៅដល់​ជិត​បួន​ដង​នៃ​ចំនួន​ក្បាល​គ្រាប់​នៅក្នុង​ឃ្លាំង​អាវុធ​របស់ខ្លួន​នៅ​ឆ្នាំ ២០៣៥ ដោយ​កាត់បន្ថយ​គម្លាត​កម្លាំង​អាវុធ​ជាមួយ​សហរដ្ឋអាមេរិក​។​

មន្ទីរ​បញ្ច​កោណ​បានបង្ហាញ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់ខ្លួន​ស្តីពី​កម្លាំងយោធា​របស់​ប្រទេស​ចិន​ថា “​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ក្រោយ PRC (​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​) មាន​គោលបំណង​ធ្វើ​ទំនើបកម្ម ធ្វើ​ពិពិធ​កម្ម និង​ពង្រីក​កងកម្លាំង​នុយក្លេអ៊ែរ​របស់ខ្លួន​”​។ របាយការណ៍​បាន​បន្ថែមថា ការសាងសង់​នេះ​មាន​ទំហំ​ធំ និង​ស្មុគស្មាញ​ជាង​គំនិត​ផ្តួចផ្តើម​ទំនើបកម្ម​នុយក្លេអ៊ែ​រដែ​ល​ចិន​បានធ្វើ​កាលពី​មួយ​ទសវត្សរ៍​មុន​ទៅទៀត​។​
មន្ទីរ​បញ្ច​កោណ​បាន​បន្តថា បច្ចុប្បន្ន​ទីក្រុង​ប៉េកាំង​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រហែល ៤០០ ក្បាល កើនឡើង​ពី​ការប៉ាន់ប្រមាណ​ពីមុន ៣៥០ ។ ចំណែក​ល្បឿន​នៃ​ការអភិវឌ្ឍន៍ ឃ្លាំង​ស្តុក​នឹង​កើន​ឡើងដល់​ប្រហែល ១០០០ ក្បាល​គ្រាប់​នៅ​ចុង​ទសវត្សរ៍​នេះ និង​ដល់ ១៥០០ នៅ​ឆ្នាំ ២០៣៥​។ តាម​ការប្រៀបធៀប អាមេរិក​មាន​ក្បាល​គ្រាប់​សកម្ម​ចំនួន ៣.៧៥០ និង​ឃ្លាំង​ស្តុក​សរុប​ជាង ៥.០០០ គ្រាប់​ប៉ុណ្ណោះ​។​

តាម​មន្ទីរ​បញ្ច​កោណ ការពង្រីក​របស់​ចិន​ទំនងជា​នឹង “​លឿន​ជាង​ការ​វិវឌ្ឍន៍​សក្តានុពល​ដោយ​កងកម្លាំង​នុយក្លេអ៊ែរ​របស់​សត្រូវ​ដែល​អាច​គំរាមកំហែង​ដល់​សមត្ថភាព​របស់ PRC ក្នុងការ​សងសឹក​ប្រឆាំងនឹង​ការវាយប្រហារ​លើកដំបូង​” ដោយ​បន្ថែមថា យោធា​របស់​ប្រទេស​ចិន​មានបំណង​មាន​សមត្ថភាព​សម្រាប់ “​ការបំផ្លិចបំផ្លាញ​ដោយ​ធានា​ទៅវិញ​ទៅ​ម ដោយ​បំបាក់ទឹកចិត្ត​អ្នក​វាយប្រហារ​ណា​ម្នាក់​។​

ឧ​ត្ត​ម​សេនីយ​របស់​អាមេរិក​បាន​ចង្អុលបង្ហាញ​ម្តង​ហើយ​ម្តងទៀត​ទៅកាន់​ប្រទេស​ចិន​ថា​ជាការ​គំរាមកំហែង​ដល់​កម្រិត​កំពូល​ចំពោះ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​ដោយ​និយាយថា​ទីក្រុង​ប៉េកាំង​គឺជា “​គូប្រជែង​តែមួយគត់​នៅ​ទីនោះ​ដែលមាន​ទាំង​ចេតនា​ក្នុងការ​រៀបចំឡើង​វិញ​នូវ​សណ្តាប់ធ្នាប់​អន្តរជាតិ និង​កាន់តែ​មានអំណាច​ដើម្បី​ធ្វើ​ដូច្នេះ​” ។

មន្ត្រី​ចិន​បាន​ច្រានចោល​នូវ​ការព្រួយបារម្ភ​បែបនេះ ដោយ​និយាយថា​ទីក្រុង​វ៉ាស៊ីនតោន​មាន “​ចិត្តគំនិត​សង្គ្រាមត្រជាក់​ហួស​សម័យ និង​ផ្នត់គំនិត​អវិជ្ជមាន​”​។​

មន្ត្រី​សហរដ្ឋអាមេរិក​បា​នស​ម្តែ​ង​ការព្រួយបារម្ភ​ថា នៅពេលដែល​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ចិន​កាន់តែ​រីកចម្រើន មេដឹកនាំ​របស់​ប្រទេស​អាច​នឹង​គិត​ឡើងវិញ​អំពី​គោលនយោបាយ​របស់​ពួកគេ​ប្រឆាំងនឹង​ការបើក​ការវាយប្រហារ​នុយក្លេអ៊ែរ​ជា​លើកដំបូង​។ មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​ម្នាក់​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន មុនពេល​របាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ត្រូវបាន​ចេញផ្សាយ​ថា “​អ្វីដែល​យើង​កំពុង​មើល​នៅទីនេះ វា​បង្កើតជា​សំណួរ​មួយចំនួន ខ្ញុំ​គិតថា​អំពី​ចេតនា​របស់​ពួកគេ​”​។ សម្រាប់ ទីក្រុង​វ៉ាស៊ីនតោន​បាន​បដិសេធ​មិន​ច្រានចោល​ជម្រើស​នៃ​ការវាយប្រហារ​លើកដំបូង​របស់ខ្លួន ឬ​លទ្ធភាព​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ប្រឆាំងនឹង​ការគំរាមកំហែង​មិនមែន​នុយក្លេអ៊ែរ​នោះ​ទ្បើ​យ​៕