
ក្រសួងសាធារណការ និងអាជ្ញាធរខេត្តពោធិ៍សាត់ គ្រោងដាក់ឱ្យដំណើរការទីលានទុកដាក់សំរាមថ្មីក្រុងពោធិ៍សាត់ នៅដើមឆ្នាំក្រោយ
ខេត្តពោធិសាត់៖ ក្រសួងសាធារណការ និងដឹងជញ្ជូន រួមទាំងអាជ្ញាធរខេត្តពោធិ៍សាត់ គ្រោងដាក់ឱ្យដំណើរការទីលានទុកដាក់សំរាមថ្មីក្រុងពោធិ៍សាត់ នៅដើមឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសោភណ្ឌភាពបរិស្ថាន និងកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលជំងឺផ្សេងៗ ដល់ប្រជាពលរដ្ឋក្នុងតំបន់ទីប្រជុំជននៃខេត្តនេះ។
លោក ប៊ុង តាំងឡាយ អភិបាលរងក្រុងពោធិ៍សាត់ បានឲ្យដឹងថា៖ «ទីលានចាក់សំរាមនេះមានសមត្ថភាពអាចស្តុកទុកសំណល់រឹងបានដល់១៤០ ពាន់ម៉ែត្រគុប និងមានសមត្ថភាពអាចប្រតិបត្តិការគ្រប់គ្រងសំណល់រឹងគ្រប់ប្រភេទបាន រហូតដល់១៥ឆ្នាំ ឬច្រើនជាងនេះ អាស្រ័យមានការចូលរួមពីវិស័យឯកជន ក្នុងការវិនិយោគកែច្នៃកាកសំណល់សរីរាង្គ ទៅជាជីកំប៉ុស និង កាកសំណល់ប្លាស្ទិក ទៅជាសម្ភារប្រើប្រាស់ផ្សេងៗ»។
សូមជម្រាបថា ទីលានទុកដាក់សំរាមថ្មីក្នុងក្រុងពោធិ៍សាត់ គឺជាសមទ្ធិផលមួយក្នុងចំណោមសមិទ្ធផលផ្សេងទៀតនៃគម្រោងគ្រប់គ្រងបរិស្ថានទីក្រុងតាមបណ្តោយបឹងទន្លេសាបដែលមានទឹកប្រាក់សរុបជាង៥៣លានដុល្លារអាមេរិក គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិយុទ្ធសាស្ត្រអាកាសធាតុ ជាមួយវិភាគទានមួយចំនួនពីរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ផ្ទាល់៕