សម្តេចតេជោ ហ៊ុន សែន រំពឹងថា កម្ពុជានឹងអាចនាំទំនិញចូលទៅកាន់ទីផ្សារចិនកាន់តែច្រើន

ខេត្តកំពត៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជារំពឹងថា កម្ពុជានឹងអាចនាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិនកាន់តែច្រើន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនដែលចិនបានផ្ដល់ភាពអនុគ្រោះច្រើនដល់កម្ពុជា។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយចិនមានទំហំប្រមាណ ១៤ ៥០០លានដុល្លា មានកំណើត១៩% បើធៀបនឹងឆ្នាំ២០២១។ សម្ដេចតេជោសង្ឃឹមថា នាពេលខាងមុខកម្ពុជានឹងអាចនាំចេញទំនិញទៅកាន់ប្រទេសចិនកាន់តែច្រើនតាមរយៈការអនុគ្រោះពន្ធរហូតទៅដល់ ៩៧,៥៣។

សម្ដេចបន្ថែមថា៖ «ទាំងអស់នេះយើងគួរតែរំលឹកទៅដល់ចំណងទាក់ទងដែលបានកសាងតាំងពីដំណាក់កាលនៃអ្នកជំនាន់មុន»។

សម្ដេចតេជោបញ្ជាក់ថាប្រទេសចិនតែងតែផ្ដល់ឲ្យកម្ពុជាតាមតម្រូវការជានិច្ច។

សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២៕