Ronaldo បង្ហាញខ្លួននៅក្លិបអារ៉ាប៊ីសាអូឌីតជាផ្លូវការ ជាមួយកិច្ចសន្យារយៈពេល៣ឆ្នាំ

រីយ៉ាដ៖ ខ្សែប្រយុទ្ធជើងស៊ុត Cristiano Ronaldo បានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យក្លិប Al Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីតរហូតដល់ឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ។

ប្រធានក្រុមព័រទុយហ្គាល់ វ័យ ៣៧ឆ្នាំខាងលើនេះ នឹងទទួលបានប្រាក់ខែប្រចាំឆ្នាំចំនួន ១៧៧លានផោន ច្រើនជាងគេបំផុតលើលោក ពីកិច្ចសន្យាលេង ៣ឆ្នាំនៅក្លិបស្ថិតក្នុងទ្វីបអាស៊ីមួយនេះ ក្រោយពេល Ronaldo បានចាកចេញពីក្លិប Manchester United ដោយគ្មានតម្លៃខ្លួននាពេលថ្មីៗនេះ។

Ronaldo បានថ្លែងប្រាប់ក្រុមបណ្តាញសារព័ត៌មាន ក្រោយចុះកិច្ចសន្យាថា «វាជាបទពិសោធន៍ថ្មីមួយទៀត ក្នុងការមកចូលរួមលេងជាមួយលីគថ្មីផ្សេងទៀត។ ខ្ញុំពិតជាមានសំណាងណាស់ដែលបានឈ្នះពានសព្វគ្រប់នៅលីគអឺរ៉ុប ហើយនៅពេលនេះដែរ ចង់ចែករំលែកបទសោធន៍នៅលីគក្នុងអាស៊ីវិញម្តង»

សូមជម្រាបថា Al Nassr ជាក្លិបទី៥ ក្នុងនាមកីឡាករអាជីពរបស់ Cristiano Ronaldo នឹងទំនងជាក្លិបចុងក្រោយ មុនចូលនិវត្តន៍ផងដែរ ក្រោយពេលរួមជាមួយក្លិបក្នុងស្រុក Sporting Lisbon និងក្លិបនៅអឺរ៉ុបផ្សេងទៀត Manchester United, Real Madrid និង Juventus ផងនោះ៕