
WHO អំពាវនាវឱ្យចិន ពង្រឹងវិធានការឆ្លើយតបនឹងកូវីដ១៩
ប៉េកាំង៖ អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា អាជ្ញាធរចិន ត្រូវតែផ្សព្វផ្សាយព័ត៌មានក្នុងពេលបច្ចុប្បន្នបន្ថែមទៀតអំពីស្ថានភាពជំងឺកូវីដ ១៩ នៅក្នុងប្រទេស ស្របពេលករណីឆ្លងមានការកើនឡើង។
យោងតាមរបាយការណ៍សារព័ត៌មាន BBC បានបញ្ជាក់ថា វិធានការរឹតបន្តឹងមួយចំនួនធំដែលដាក់ដោយអាជ្ញាធរចិន ត្រូវបានដកចេញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលធ្វើឲ្យករណីឆ្លងមានការកើនឡើងជាគំហុក។
ជាមួយគ្នានេះ មន្ត្រីអង្គការសុខភាពពិភពលោក ក៏បាននិយាយថា យើងចង់ឃើញទិន្នន័យបន្ថែមពិតប្រាកដពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការចូលសង្គ្រោះបន្ទាន់ ការស្លាប់ និងតួលេខចាក់វ៉ាក់សាំង នៅចិន។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អេស្បាញ បារាំង កូរ៉េខាងត្បូង ឥណ្ឌា អ៊ីតាលី ជប៉ុន និងតៃវ៉ាន់ ចាប់ផ្ដើមដាក់ចេញនូវវិធានការរឹតបន្តឹងកូវីដ ១៩ លើអ្នកដំណើរមកពីប្រទេសចិន៕