
ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដចំនួន ១១.២៧៦ករណីបន្ថែមទៀត និងស្លាប់១១២នាក់
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសុក្រនេះបានប្រកាសថាពីការបន្តរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន១១.២៧៦ករណី និងអ្នកស្លាប់ចំនួន១១២នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍។
បើតាមក្រសួងសុខាភិបាលថៃបញ្ជាក់ថា ក្នុងចំនួនឆ្លងខាងលើនេះគឺមានចំនួន ១១.១៤២ លើប្រជាជនទូទៅ និង១៣៤ ករណីដែលជាអ្នកទោសក្នុងពន្ធនាគារ។ ទន្ទឹមនោះនៅថ្ងៃព្រហស្បតិ៍ម្សិលមិញអ្នកជំងឺកូវីដ-១៩ ចំនួន ១០.៤០៧ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ១.៧២២.៨៤១ នាក់ដែលក្នុងនោះ ១.៥៩៨.៣២៤ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១៧.៩៣៥ នាក់ក្នុងកំឡុងពេលរលកទី ៣ និង ១៨.០២៩ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕