គណបក្សប្រជាជនប្តេជ្ញា​កម្ចាត់នយោបាយជ្រុលនិយមគ្រប់រូបភាពឱ្យអស់ពីសង្គមកម្ពុជា

ភ្នំពេញ៖ មហាសន្និបាតបក្សប្រជាជនបានសម្រេចថា បក្សនេះនឹងមិនទុកឱ្យនិន្នាការជ្រុលនិយម ប្រទុស្តរាយ បង្ករឲ្យបែកបាក់ជាតិកើតឡើងឡើយ។

ក្នុងសេចក្ដីប្រកាសរបស់ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីមហាសន្និបាតចំនួន២ថ្ងៃរួចមក គណបក្សប្រជាជនបានលើកឡើងថា៖ «ការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ឱ្យបានរឹងមាំនៅគ្រប់កាលៈទេសៈ លើកកម្ពស់ការគោរព និងអនុវត្តច្បាប់ដ៏ម៉ឹង ម៉ាត់ ហើយប្រឆាំងដាច់ខាតរាល់សកម្មភាពប្រទូសរ៉ាយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។

ក្នុងស្មារតីនេះ ចាំបាច់ត្រូវកម្ចាត់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាព ឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យនិន្នាការនេះបង្កការបែកបាក់ជាតិឡើយ ដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងធានាបរិយាកាសរស់នៅដ៏សុខសាន្តជូនប្រជាជន»។

ជាមួយគ្នានេះ គណបក្សក៏បន្តលើកកម្ពស់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែបានល្អប្រសើរតាមទិសដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញផងដែរ៕