
ក្រុមហ៊ុនរុស្ស៊ីប្រកាសផ្តល់ប្រាក់រង្វាន់ ដល់ក្រុមទាហានរុស្ស៊ីដំបូងគេដែលកម្ទេចរថក្រោះរបស់លោកខាងលិច នៅអ៊ុយក្រែន
មូស្គូ៖ ក្រុមហ៊ុនមួយនៅប្រទេសរុស្ស៊ីបានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់រង្វាន់ចំនួន៥លានរូប្លិ៍ ស្មើនឹង៧២,០០០ដុល្លារអាមេរិក ដល់ក្រុមទាហានរុស្ស៊ីដំបូងគេ ដែលអាចកម្ទេចឬរឹបអូសរថក្រោះរបស់ក្រុមប្រទេសលោកខាងលិច ដែលត្រូវបានសន្យាបញ្ជូនឱ្យអ៊ុយក្រែន។
ក្រុមហ៊ុនមួយរបស់រុស្ស៊ីហៅថា ហ្វូរេស (Fores) ដែលជាក្រុមហ៊ុនផលិតវត្ថុធាតុដើម សម្រាប់វិស័យឧស្សាហកម្មថាមពល បានប្រកាសផ្តល់រង្វាន់ជាសាច់ប្រាក់ដល់ក្រុមទាហានរុស្ស៊ីណា ដែលអាចរឹបអូសឬមួយកម្ទេចរថក្រោះ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ ឬក៏រថក្រោះ Abrams ដែលផលិតដោយអាមេរិក។
បើតាមការអះអាងរបស់ក្រុមហ៊ុន Fores ខ្លួននឹងផ្តល់លុយ៥លានរូប្លិ៍ដល់ក្រុមទាហានរុស្ស៉ីណា ដែលអាចកម្ទេចរថក្រោះទាំងនោះបានដំបូងគេ ហើយក្រុមក្រោយៗទៀតនឹងបានប្រាក់រង្វាន់៥០០,០០០រូប្លិ៍ (៧,២០០ដុល្លារ)។ ក្រុមហ៊ុន Fores ក៏នឹងផ្តល់ប្រាក់រង្វាន់ ១៥លានរូប្លិ៍ (២១៥,០០០ដុល្លារ) ផងដែរ សម្រាប់ការកម្ទេចយន្តហោះចម្បាំងរបស់ក្រុមលោកខាងលិច ប្រសិនបើពួកវាត្រូវបានបញ្ជូនឱ្យអ៊ុយក្រែន នាពេលអនាគត។
សហរដ្ឋអាមេរិក អាល្លឺម៉ង់ ព្រមទាំងប្រទេសអឺរ៉ុបដទៃទៀត កំពុងត្រៀមបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់សរុបខ្ទង់រយគ្រឿងឱ្យទៅទីក្រុងកៀវ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីជួយបង្កើនសមត្ថភាពប្រយុទ្ធរបស់យោធាអ៊ុយក្រែន នៅក្នុងសង្រ្គាមដែលកំពុងឈានជិតដល់ រយៈពេល១ឆ្នាំហើយ។ ការសម្រេចចិត្តរបស់ពួកគេ បានរងការរិះគន់ជាខ្លាំងពីវិមានក្រឹមឡាំង ដែលបានថ្កោលទោសថា ជាការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់ ហើយបានព្រមានថា រថក្រោះទាំងនោះនឹងត្រូវឆេះខ្ទេចខ្ទី នៅលើសមរភូមិ។
សូមជម្រាបថា ខណៈនេះទីក្រុងកៀវមិនទាន់ទទួលបាន រថក្រោះ Leopard 2 ឬ Abrams យកទៅប្រើប្រាស់ក្នុងសមរភូមិនៅឡើយទេ ដោយត្រូវរង់ចាំប៉ុន្មានខែទៀត ទើបពួកវាអាចបញ្ជូនទៅដល់ ខណៈចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញសព្វាវុធ និងបរិក្ខារយោធារាប់រយគ្រឿង ដែលសម្ព័ន្ធមិត្តលោកខាងលិចបានជួយផ្តល់ឱ្យអ៊ុយក្រែន នាពេលកន្លងមកនេះ៕